ព័ត៌មានជាតិ

បុរសម្នាក់ចេញពីកម្មពិធីជប់លៀង បើករថយន្តបុកគូទឡានដឹកតេលាហ្គាស បណ្តាលឲ្យរងរបួសនិងខូចខាត

ភ្នំពេញ: នៅវេលាម៉ោង១២ និង០០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-7734 បើកបរដោយបុរសម្នាក់ ចេញពីកម្មពិធីជប់លៀងមួយកន្លែង បុករថយន្តដឹកប្រេងតេលាហ្គាស ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខមួយកំណាត់ រងការខូចខាតយ៉ាងដំណំ
បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងតេលាហ្គាស មួយគ្រឿង បើកមកឈប់ចត នៅស្ងៀមត្រង់ចំណុចចិញ្ចើមផ្លូវ ដែលជាទីតាំងកន្លែងកើតហេតុ ដើម្បីរកទិញចំណីអាហារហូប ។ មិនទាន់ទាំងបានទិញផងស្រាប់តែ មានរថយន្តបង្កម៉ាកហ្វតខាងលើ បើកមកបុកពីក្រោយពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឲ្យភាគី ទាំងសងខាងធ្វើការសម្របសម្រួលគ្នាដើម្បីដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវម្ចាស់រថយន្ត ទាំងសងខាងធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយភាគីទាំងពីរព្រមព្រៀងគ្នា គ្មានសងសំណងទៅខាងណានោះទេ ។

ចំណែកឯម្ចាស់រថយន្តបង្កហេតុ ត្រូវបានមន្រ្តីប៉ូលិសដឹកតាមម៉ូតូចេញពីកន្លែងកើតហេតុ មិនដឹងថាដឹកយកទៅកាន់មន្ទីរពេទ្យឬមួយ ទៅកាន់ប៉ុស្តិ៍នគរបាលនោះទេ ។ រីឯម្ចាស់រថយន្តដឹកប្រេងតេលាហ្គាស គាត់ក៏បានឡើងលើរថយន្តរបស់គាត់បើកចាកចេញពីកន្លែង កើតហេតុផងដែរ ដើម្បីបន្តដំណើរទៅមុខទៀត ។ សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំមានមនុស្សរងគ្រោះថ្នាក់ ធ្ងន់ធ្ងរនោះទេ គ្រាន់តែរងរបួសស្រាលនៃម្ចាស់រថយន្តបង្កបន្តិចបន្តួចតែប៉ុណ្ណោះ ៕

មតិយោបល់