ព័ត៌មានជាតិ

បុរសម្នាក់ស្គាល់កម្មការិនីតាមហ្វេសប៊ុក ​លួងលោម​រួម​ភេទ​បាន​សម្រេច​ប្រើ​ល្បិច​ដោះដៃ ប្រុង​ស៊ីដាច់​ម៉ូតូនារី​រង​គ្រោះ​ ត្រូវជាប់ខ្នោះ​សមត្ថកិច្ច​

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី មានករណីជនសង្ស័យម្នាក់ឆបោកយកម៉ូតូ និងលួងលោមរួមភេទកម្មការិនីរោងចក្រម្នាក់ បានសម្រេចចំនួន០២ដង ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ត្រង់ចំណុច ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេងស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ខែម រតនា ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ជនសង្ស័យ គ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 លេខតួនិងលេខម៉ាស៊ីន ៦០១០៣០៥ ចំនួន១គ្រឿង , ២/កាបូបស្ពាយពណ៌សូកូឡា ចំនួន០១, ៣/កាបូបតូច ពណ៌សូកូឡាចំនួន១ ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ ប្រាក់ ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ បានលេងហ្វេសបុកឈ្មោះ Chan To Love នៅក្នុងផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ក៏បានឃើញហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែលជារបស់ជនសង្ស័យឈ្មោះ ខែម រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ហើយជនរងគ្រោះក៏បានឆាតទៅសួរជនសង្ស័យ ដើម្បីរកទិញទូរស័ព្ទបង់រំលល់ចំនួន១គ្រឿងរួច ជនសង្ស័យ បានឆាតតបមកជនរងគ្រោះប្រាប់ថារូបគេ (ជនសង្ស័យ) ស្រលាញ់ពេញចិត្តជនរងគ្រោះខ្លាំងណាស់ដូចនេះមិនបាច់ បង់រំលស់ទេ រូបគេ (ជនសង្ស័យ) និងឲ្យទូរស័ព្ទមួយគ្រឿងទៅជនរងគ្រោះយកប្រើចោះ ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី ជនសង្ស័យបានឆាតសុំណាត់ជួប ជនរងគ្រោះនៅផ្ទះជួល រួចជនសង្ស័យ ក៏បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរងគ្រោះពីផ្ទះជួល ទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីនិយាយលួងលោមជនរងគ្រោះថារូបគេ (ជនសង្ស័យ) ស្រលាញ់ជនរងគ្រោះយកធ្វើជាប្រពន្ធពិតប្រាកដ ។
រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះ មកដេកផ្ទះសំណាក់យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យដេកជាមួយជនរងគ្រោះដល់ភ្លឺ រួមភេទបានសម្រេចចំនួន២លើក ហើយក៏ដឹកជនរងគ្រោះមកផ្ទះជួល នៅផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹងខាងលើវិញ ។

លុះដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបានទូរស័ព្ទមកលេខ ជនរងគ្រោះ ០៨៨៥១៧៣៨១៧ ប្រាប់ជនរងគ្រោះឲ្យបើកម៉ូតូ ទៅយករូបគេ(ជនសង្ស័យ) ម្តុំខាងកើតស្ពានអាកាសរង្វង់មូលចោមចៅ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះក៏បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង 1R-1484 លេខតួនិងលេខម៉ាស៊ីន៦០១០៣០៥ ពេលជនរងគ្រោះទៅដល់ជនសង្ស័យ ឲ្យជនរងគ្រោះអង្គុយពីខាងក្រោយ ជនសង្ស័យជាអ្នកបើម៉ូតូម្តង ។

ពេលនោះជនសង្ស័យក៏បានឌុបជនរងគ្រោះ ទៅលេងសួនច្បារតាមមាត់ទន្លេ ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញ ដែលបានប្រាប់ថា នាំជនរងគ្រោះយកទៅជួប ជាមួយនិងឪពុកម្តាយរបស់គេ (ជនសង្ស័យ) រួចក៏បានដឹកជនរងគ្រោះដល់ផ្លូវបេតុង៦០ម៉ែត្រ ពីកើតទៅលិច ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញមានសភាពស្ងាត់ជនសង្ស័យ ធ្វើជាធ្លាក់មួកសុវត្ថិភាព ហើយប្រាប់ជនរងគ្រោះឲ្យចុះទៅរើស ពេលជនរងគ្រោះដើរទៅរើសមួក ជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ ។

បន្ទាប់មកជនរងគ្រោះ ក៏បានស្រែកឆោឡោ ហើយកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតនោះ ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយ និងស្រែកតាមវិទ្យុទាក់ទងឲ្យគោលដៅខាងមុខ ជួយស្ទាក់ចាប់ជនសង្ស័យ បើករត់រហូតដល់ចំណុចសាលាបឋមសិក្សាទៀន ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានចម្ងាយពីកន្លែងកើតហេតុប្រវែង៣០០០ម៉ែត្រ ទើបឃាត់ខ្លួនជនសង្ស័យបាន រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ហើយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់