ព័ត៌មានជាតិ

អូស្ត្រាលី បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសដែនកោះ Solomon ដើម្បីជួយទប់ទល់នឹងកុបកម្មដ៏ហិង្សា

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីទៅជួយរក្សាសន្តិសុខនៅឯអាកាសយានដ្ឋាន និងកំពង់ផែ នៃរដ្ឋធានី Honiara ប្រទេសដែនកោះ Solomon ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល។

រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោកស្រី Karen Andrews បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពខាងលើមានប៉ូលិស និងយោធាចំនួន ១០០នាក់ បានធ្វើដំណើរទៅដល់ប្រទេសដែនកោះ Solomon កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រនេះក្នុងគោលបំណងស្ដារច្បាប់ និងសន្តិសុខឡើងវិញ តបតាមសំណើរបស់នាយរដ្ឋមន្ត្រី Solomon លោក Manasseh Sogavare ដែលបានអំពាវនាវស្វែងរកជំនួយក្នុងការបិទបញ្ចប់កុបកម្មតវ៉ាកំពុង គំរាមកំហែងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។

កុបកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Manasseh Sogavare កើតមានឡើងដោយសារតែវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយ COVID-19 និងជម្លោះ ជាយូរអង្វែងណាស់មកហើយ រវាងប្រជាជននៅលើកោះ Malaita និងរដ្ឋាភិបាលកណ្ដាល Solomon មានមូលដ្ឋាននៅលើកោះ Guadalcanal។ កុបកម្មតវ៉ា អស់រយ:ពេល ២ថ្ងៃមកនេះ បានបង្កឱ្យមានភាពភ័យខ្លាច និងចលាចលយ៉ាងខ្លាំង ស្របពេលមានជនឆ្លៀតឱកាសខ្លះបានចូលលួច ឬប្លន់នៅតាមហាងទំនើបនានា ក្នុងរដ្ឋធានី Honiara៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់