ព័ត៌មានជាតិ

ចិនបើករថយន្តលឿនហើយវ៉ាជែងបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស០៣នាក់ស្លាប់និងរងរបួសធ្ងន់

កំពត: នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង លើផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកត្នោត ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៧១៧៨ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត រវាងរថយន្តនិងម៉ូតូមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន០២នាក់ រួចម៉ូតូដែលត្រូវរថយន្តបុកនោះ បានខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត ទិសដៅស្របគ្នាបណ្តាលឲ្យរបួសធ្ងន់ មនុស្សម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបររថយន្តបង្កឈ្មោះ LIU WEI ភេទប្រុស កើតថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ១៩៩០ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E99III9I8 បើកបររថយន្តម៉ាក TOYOTA FORTUNER ប្រភេទគ្រួសារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-2988 មានទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានជែងរថយន្តមួយគ្រឿងដែលមានទិសដៅស្របគ្នាក្នុង ល្បឿនលឿន រួចទៅបុកម៉ូតូមួយគ្រឿង ដែលមានទិសដៅផ្ទុយគ្នា ចំពីមុខយ៉ាងពេញទំហឹង ។

អ្នកបើកបរម៉ូតូរងគ្រោះទី១-ឈ្មោះ ណុប សំបូរ ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ឈួន ជីវ៉ា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1D-7055 មានទិសដៅពីលិចទៅកើតមកដល់ចំណុច កើតហេតុ ត្រូវរថយន្តដែលមានទិសដៅផ្ទុយគ្នាបុក បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំងពីរនាក់ រួចម៉ូតូខ្ទាតទៅប៉ះម៉ូតូ មួយគ្រឿងទៀត ដែលមានទិសដៅស្របគ្នា ។

អ្នកបើកបរម៉ូតូរងគ្រោះទី២-ឈ្មោះ ឯម សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1G-6704 មានទិសដៅពីលិចទៅកើត បណ្តាលឱ្យរងរបួស បាក់ជើងស្ដាំធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុន យ៉ាឃៀល ។

វត្ថុតាងរួមមាន៖ រថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០២គ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបូកគោ ។

ចំណែកសាកសពជនរងគ្រោះ ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុរួច បានប្រគល់ជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់