ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រគល់ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ជូនម្ចាស់ដើមវិញ ក្រោយពីកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបាន បង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះ បានសម្រេចនៅខណ្ឌ៧មករា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុច ខាងមុខផ្ទះលេខ ១៥០ អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក ដារ៉ាន់ ហៅលៀន ភេទប្រុស អាយុ ២៧ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងមុខមណ្ឌលសុខភាពចតុមុខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈជនសង្ស័យជិះម៉ូតូរបស់ជនរងគ្រោះ ដែលបានលួចទៅនោះនៅលើផ្លូវសាធារណៈ។
លោកនាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញប្រាប់ឱ្យដឹងទៀតថា ការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ ក្រោយពីម្ចាស់ម៉ូតូជាជនរងគ្រោះឈ្មោះ សោម វិទូ ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៥០អ៊ីអឺ០ ផ្លូវលេខ១៣៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានមកដាក់ពាក្យប្តឹងករណីបាត់ម៉ូតូរបស់ខ្លួនខ ណៈជនរងគ្រោះដាក់ម៉ូតូចោលខាងមុខផ្ទះ ជាប់សោជាមួយនឹងម៉ូតូមិនបានដកចេញ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១BN-២៣៧៩ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទីល្ងាច មានករណីអំពើលួចម៉ូតូនៅចំណុចខាងលើ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាធូដេ មានឈ្មោះ ធូដេ ភេទ ប្រុស អាយុប្រហែល៣០ឆ្នាំ ជាអ្នកឌុប ឈ្មោះ អ៊ុក ដារ៉ាន់ ហៅ លៀន ចេញពីកន្លែងលេងយូគី ម្តុំអតីតរង្គសាលចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងគោលបំណងចេញធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋ តាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ។
នៅពេលជនសង្ស័យជិះម៉ូតូឌុបគ្នា មកដល់ចំណុចកើតហេតុ កន្លែងផ្ទះជនរងគ្រោះក៏ បានឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ ទុកនៅខាងមុខផ្ទះដោយមិនបានដកសោម៉ូតូចេញនោះទេ ជនសង្ស័យឃើញស្ងាត់ពុំមានមនុស្សក៏ឈ្មោះ ធូដេ បានឈប់ម៉ូតូនៅជិតនោះ ហើយប្រាប់ទៅឈ្មោះ អ៊ុក ដារ៉ាន់ ហៅលៀន ចូលទៅធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចហើយពួកគេជិះម៉ូតូគេចខ្លួនបាត់អស់។
ក្រោយពីអំពើលួចនោះហើយ កម្លាំងជំនាញការិយាល័យប្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតនៅកំពុងគេចខ្លួន សមត្ថកិច្ចបាននឹងបន្តស្រាវជ្រាវ ដើម្បីស្វែងរកចាប់យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ថែមទៀត ៕
មតិយោបល់