ព័ត៌មានជាតិ

ឡានដឹកត្រីសង្ស័យបើកលឿន គេចរថយន្តខាងមុខ ក៏រេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលសង្ស័យបើកលឿនរួចគេចរថយន្តនៅខាងមុខ បណ្តាលឲ្យរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តយីឌុបដឹកត្រីធុនធំខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3C-9183 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែគេចរថយន្តដែលនៅពីខាងមុខ ក៏រេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងសំណាងមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់