ព័ត៌មានជាតិ

Update៖តម្រួតថៃ ចាប់ពលករខ្មែរ ចំនួន ១៦នាក់ ឆ្លងដែនខុសច្បាប់

បាត់ដំបងៈ ពលករខ្មែរដែលលួចឆ្លងដែន ចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ចំនួន ១៦នាក់ ត្រូវបានក្រុមតម្រួតថៃ សហការជាមួយ នឹងក្រុមទាហានឈុតខ្មៅ ដេញតាមប្រមាញ់ ព្រមទាំងឃាត់ខ្លួន បានទាំងអស់ ខណៈដែលពួកគេបាននាំគ្នា ជិះនៅក្នុងរថយន្តមួយគ្រឿង ដោយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបាងកក ដើម្បីធ្វើការ។

របាយការណ៍ របស់នគរបាលវរ ការពារព្រំដែនគោកកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១១ ថ្ងៃត្រង់ កម្លាំងតម្រួតស្រុកខ្លងហាត បានធ្វើការសហការជាមួយ កងរយ១៣០៣ ដែលជាក្រុមទាហានឈុតខ្មៅ ការពារព្រំដែន បានប្រដេញរថយន្តមួយគ្រឿង ប្រភេទតួរីស ពណ៌ស ពាក់ស្លាកលេខ ១៥.៨៥៦៤ ដែលគេសង្ស័យថា អាចជារថយន្តប្រព្រឹត្តបទល្មើស ។

ប្រភពដដែល បានបន្តថា លុះទៅដល់ត្រង់ចំណុច ភូមិវ៉ាងមី ឃុំខ្លងយ៉ាង ស្រុកខ្លងហាត ខេត្តស្រះកែវ ទើបកម្លាំងឃាត់រថយន្ត នោះបាន ដោយក្នុងនោះមានពលករខ្មែរ ចំនួន ១៦ នាក់ ដែលពួកគេទាំងអស់គ្នា គ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ហើយពួកគេបាននាំគ្នា លួចឆ្លងដែនចូល តាមច្រកតំបន់ខៅឌិន ដែលនៅជាប់ នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ តាមរយៈរថយន្តឈ្នួល ។

បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន ពលករខ្មែរទាំង១៦ នាក់ ត្រូវបានកម្លាំងតម្រួតថៃ ចាត់បញ្ជូនទៅកាន់ស្នងការដ្ឋាន ខេត្តស្រះកែវហើយ ដើម្បីសាកសួរបន្ត ដោយមិនទាន់ធ្វើការដោះលែងឲ្យត្រឡប់មកវិញនៅឡើយទេ ៕

image1 image2

មតិយោបល់