ព័ត៌មានជាតិ

Update៖ សាកសពស្រ្តីម្នាក់ ត្រូវប្រជានេសាទត្រី ប្រទះឃើញអណ្តែតទឹក ដែលលោតសម្លាប់ខ្លួនកាលពីថ្ងៃមុន នៅលើស្ពានគីហ្សូណា

ត្បូងឃ្មុំៈ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទីព្រឹក កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋនេសាទត្រីប្រាប់ថា បានប្រទះឃើញសាកសពមនុស្សស្រីអណ្តែតទឹកម្នាក់ មកទើរត្រង់ចំណុចច្រាំងទន្លេ ខាងត្បូងស្ពានគីហ្សូណា ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះទៅសាកសួរព័ត៌មានក្រុមគ្រួសារ។

សពជនរងគ្រោះឈ្មោះ សារុន ធីរ៉ា ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលជ្រៃ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ មានករណីសង្ស័យនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា បន្សល់ទុកអាវ និងស្បែកជើង១គូ នៅលើស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ហេតុការណ៍ខាងលើនេះ គេមិនទាន់ដឹងពីអត្តសញ្ញាណនារីរងគ្រោះនោះទេ ។ ដោយនៅមុនពេលកើតហេតុ គេប្រទះឃើញនារីម្នាក់ ជិះម៉ូតូឌុបពីមុខសណ្ឋាគារសុវណ្ណភូមិ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានធ្វើសកម្មភាពលោតពីលើស្ពានគីហ្សូណា ទម្លាក់ខ្លួនចូលទៅក្នុងទន្លេបាត់ស្រមោល បានបន្សល់ទុកនៅស្បែកជើង ពណ៌ខ្មៅ មួយគូ និងអាវ ពណ៌សមួយ។

បច្ចុប្បន្ន សាកសពនារីរងគ្រោះខាងលើ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យរួច ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់