ព័ត៌មានជាតិ

ជនបរទេសម្នាក់ បើករថយន្តលុចស៊ីស បុករះទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីជនជាតិបរទេសម្នាក់ បើករថយន្តបុករះទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ចំណុចទល់មុខនឹង ព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តម៉ាក lexus RX330 ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BD-1586 បើកបរដោយជនជាតិបរទេសម្នាក់ ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសជនបរទេសម្នាក់ បើករថយន្តម៉ាកខាងលើ ធ្វើដំណើរពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករះទ្រូងផ្លូវ បាក់អស់ជាច្រើនកង់ និងបន្តទៅបុកបង្គោលភ្លើង មួយដើមទៀត បាក់រាបដល់ដី ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តក៏គេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

មតិយោបល់