ព័ត៌មានជាតិ

បងប្អូនប្រុងប្រយ័ត្ន! រកឃើញ បង្គាស្រស់ចាក់ចាហួយ ពពុះណ្តែក មានសារធាតុគីមីហាមឃាត់ និងគុយទាវកញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់

កំពង់ធំៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកំពង់ធំ ក្នុងទីរួមខេត្តកំពង់ធំ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះមន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមរបស់ទំនិញ នៅលើសម្បកវេចខ្ចប់ផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ៤៣.៥១១គីឡូក្រាម រួមមាន៖
– បង្កាស្រស់ ចាក់ចាហួយ ចំនួន ១០.៣០គីឡូក្រាម
– ពពុះណ្តែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៣.៥គីឡូក្រាម
– នំធុង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ០១ធុង ស្មើនឹង ១.៣គីឡូក្រាម
– ប្រហិត ខូចគុណភាព ចំនួន ០៧កញ្ចប់ ស្មើនឹង ៧គីឡូក្រាម
– គុយទាវកញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៤៦កញ្ចប់ ស្មើនឹង ៣.២៦៦គីឡូក្រាម
– មីកំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣៣កំប៉ុង ស្មើនឹង ២.១៤៥គីឡូក្រាម
– ទឹកក្រូចដប ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ០៥ដប ស្មើនឹង ១៥លីត្រ
– ភេសជ្ជៈប៉ូវកម្លាំង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ០៤កំប៉ុង ស្មើនឹង ១លីត្រ

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់