ព័ត៌មានជាតិ

Update: ប្លន់បានមួយថ្ងៃ បាញ់សម្លាប់ខ្លួនឯង និងប្រពន្ធត្រូវ PM ឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យដែលធ្វើសកម្មភាពភ្ជង់ប្លន់ យកទូរស័ព្ទដៃ នៅហាង លឹម ហាវ នៅក្នុងក្រុងទាំងកណ្តាលថ្ងៃត្រង់ ស្ថិតនៅក្នុងទឹកដី ខណ្ឌទួលគោក កាលពីម្សិលមិញនោះ ពេលនេះបានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក ស្ថិតនៅផ្ទះ លេខ៧៧ ដេកបន្ទប់លេខ១២ ផ្លូវបេតុង ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់មកកម្លាំង កងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួន ប្រពន្ធយកទៅសាកសួរ ។

ជនសង្ស័យដែលស្លាប់នោះ មានឈ្មោះ ហេង សុខមាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំបូរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានប្រពន្ធឈ្មោះ មិន ចាន់សុជាតា អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានកូន ២នាក់ ប្រុស១ ស្រី១ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

លោកវរៈសេនីយ៍ទោ មុាំង សុខលុច នាយការិយាល័យ ស្រាវជ្រាវប្រឆាំង បទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌឫស្សីកែវ និងកម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌឫស្សីកែវ និងទួលគោក បានតាមប្រមាញ់ ជនសង្ស័យ ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់ យកទូរស័ព្ទចំនួន ៧គ្រឿង នៅហាង លក់ទូរស័ព្ទដៃយីហោ លឹម ហាវ រហូតដល់បន្ទប់ជួលជនសង្ស័យ ហើយកម្លាំងកងរាជអាវុធហត្ថ ខណ្ឌឫស្សីកែវ ក៏បានធ្វើការឡោមព័ទ្ធ ទីតាំងខាងលើ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ម្ចាស់ផ្ទះជួល បានដើរទៅគាស់ទ្វារបន្ទប់ជួល ដើម្បីហៅជនសង្ស័យឲ្យ ចេញមកខាងក្រៅ រួចមកកម្លាំងកងរាជអាវុធខណ្ឌឫស្សីកែវ បានដើរទៅហៅ ជនសង្ស័យឲ្យ បើកទ្វារបន្ទប់ ដើម្បីមកទទួលទោសចំពោះមុខច្បាប់ ប៉ុន្តែជនសង្ស័យខាងលើ មិនព្រមបើកទ្វារបន្ទប់នោះទេ ។ ពេលនោះ ជនសង្ស័យ ក៏បានយកកាំភ្លើង មកបាញ់ខ្លួនឯងស្លាប់នៅក្នុងបន្ទប់ទឹក បន្ទាប់មកប្រពន្ធ ជនសង្ស័យបាន បើកទ្វារចេញមកខាងក្រៅ ថែមទាំងបាន បើកភ្នែកធំៗ ដាក់កម្លាំង សមត្ថកិច្ចថែមទៀតផង ។

ក្រោយពីហេតុកើត កម្លាំងកងរាជអាវុធ ខណ្ឌឫស្សីកែវ បានធ្វើការចាក់សោរ បន្ទប់នោះ ដើម្បីឲ្យលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ចុះមកអនុវត្តបើកទ្វារ បន្ទប់ជួលខាងលើ ដើម្បីធ្វើការពិនិត្យ កោសល្យវិច័្ចយ និងឈានដល់ការឃាត់ខ្លួនប្រពន្ធ។

គួររំលឹកថា កាលពីវេលាម៉ោង ១និង៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ៧៨E012 ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យភ្ជង់ប្លន់ យកទូរស័ព្ទដៃ ស៊េរីទំនើបចំនួន ៧គ្រឿង សរុបតម្លៃជាង ៣០០០ដុល្លារ ហើយបានរត់ ចោលម៉ូតូ មួយគ្រឿង ម៉ាក WAVES ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-5094 ក៏បានរត់គេចខ្លួន ចូលទៅក្នុងផ្សារនាគមាស ហើយកម្លាំង សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌទួលគោក បានឡោមព័ន្ធ ទីតាំងផ្សារ នោះរយៈពេល ២ម៉ោងតែនៅរកមិនឃើញ ។

បើតាមប្រភពពី អ្នកលក់ក្នុងហាងទូរស័ព្ទ លឹម ហាវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ បានចូលមករកទិញ ទូរស័ព្ទដើម្បីយកទៅលក់ បន្តនៅឯខេត្តសៀមរាប ដោយបានកត់ត្រាតម្លៃទូរស័ព្ទនីមួយៗ និងតថ្លៃត្រឹមត្រូវ នោះទេលុះអស់រយៈពេលជិត ២ម៉ោងរហូតដល់អស់ភ្លៀវ នៅខាងមុខហាង ក្រោយមក ជនសង្ស័យបានលូកដៃយកកាំភ្លើងខ្លី ក្នុងកាបូបចេញមកភ្ជង់ប្រមូលយកទូរស័ព្ទ ដែលច្រកក្នុងថង់ចំនួន ៥គ្រឿង រួចក៏ភ្ជង់បញ្ជាឲ្យហ៊ុចទូរស័ព្ទ ២គ្រឿងទៀត សរុបទាំងអស់ ៧គ្រឿង ដែលមានតម្លៃជាង ៣០០០ដុល្លារ ហើយទូរស័ព្ទដែលបាត់នោះរួមមាន ទី១ Iphone 6S Plus ចំនួន ៣គ្រឿង, ទី២ Iphone 5 ចំនួន ២គ្រឿង, ទី៣ Samsung Galaxy 6 edge ចំនួន ២គ្រឿង គឺសុទ្ធតែថ្មីទាំងអស់ លើកលែង តែទូរស័ព្ទ Iphone 5 ដែលជាទូរស័ព្ទ ១ទឹក បើគិតជាទឹកប្រាក់វិញ តម្លៃជាង ៣០០០ដុល្លារ ។

ក្រោយពីជនសង្ស័យបានធ្វើការសកម្មភាពរួចមកបានរត់គេចខ្លួន ដោយបានរត់ចូលទៅក្នុងផ្សារនាគមាស ហើយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌទួលគោក បានធ្វើការដេញតាមរហូតឡោមព័ទ្ធផ្សារនាគមាស និងផ្សារដើមគរអស់ជាង ២ម៉ោងតែនៅមិនទាន់រកឃើញ ជនសង្ស័យ ខាងលើនោះទេ ។

ប្រភពបានបន្តទៀតថា ជនសង្ស័យខាងលើធ្លាប់មកមើលទូរស័ព្ទនៅហាងនេះ ម្តងរួចហើយកាលពីប៉ុន្មានថ្ងៃមុន ជនសង្ស័យមានរាង្គស្គមស្តើងកំពស់ប្រហែល ១,៦២ម៉ែត្រ សម្បុរសណ្តែកបាយ អាយុប្រហែល ៣២ឆ្នាំ ពាក់អាវសាច់ ក្រណាត់ពណ៌លឿងដៃវែង ស្ពាយកាបូបចំហៀង ពណ៌សុកូឡា មានអាវុធខ្លី ម៉ាករ៉ូឡូចាស់តូច ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យនៅពេលធ្វើសកម្មភាពហើយ ក៏បានចាកចេញមកក្រៅ រួចក៏បានឡើងជិះម៉ូតូ ពេលនោះ បានប្រទះឃើញ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌទួលគោក មានការភិតភ័យ ក៏ផ្តួលម៉ូតូ និងបាន ដកកាំភ្លើងខ្លីសំរុងបាញ់សមត្ថកិច្ច តែដោយសារតែ កាំភ្លើងនោះបាញ់ មិនចេញគ្រាប់ ទើបជនសង្ស័យ រត់គេចខ្លួន ទាំងដោះស្បែកជើង សំដៅ ទៅចូល ផ្សារនាគមាសបាត់តែម្តង ។

បច្ចុប្បន្នសាកសពជនសង្ស័យ ខាងលើ ត្រូវបានដឹកយកទៅដាក់ នៅវត្តមួយ កន្លែង ដែលស្ថិតនៅក្នុង ខណ្ឌព្រែកព្នៅ ដើម្បីបុណ្យតាមប្រពៃណើ ចំណែក ឯប្រពន្ធ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌឫស្សីកែវ បញ្ជូនទៅ ទីបញ្ជាការ កងរាជអាវុធហត្ថរាជ ធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ៕

https://www.youtube.com/watch?v=-doC5YQBMTU&feature=youtu.be

photo_2016-08-19_14-57-50photo_2016-08-19_14-21-43 photo_2016-08-19_14-21-45 photo_2016-08-19_14-21-46 photo_2016-08-19_14-21-47 photo_2016-08-19_14-21-48 photo_2016-08-19_14-21-49 photo_2016-08-19_14-21-50 photo_2016-08-19_14-21-52 photo_2016-08-19_14-21-53 photo_2016-08-19_14-21-54 photo_2016-08-19_14-21-55 photo_2016-08-19_14-21-57 photo_2016-08-19_14-21-58 photo_2016-08-19_14-21-59 photo_2016-08-19_14-22-00 photo_2016-08-19_14-22-01 photo_2016-08-19_14-22-02

មតិយោបល់