ព័ត៌មានជាតិ

កូនស្លាប់ ឪពុករងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុករថយន្ដពីក្រោយ

កំពង់ឆ្នាំងៈ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានស្លាប់ និងបុរសជាឪពុកបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារជិះម៉ូតូទៅបុកគូទរថយន្តពីក្រោយ ដែលកំពុងចតស្ងៀមកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៨ សីហា ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខមណ្ឌលសុខភាព ក្រុងកំពង់ឆ្នាំង។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា បុរសរងគ្រោះជាឪពុកឈ្មោះ សាន ដុង អាយុ៣៦ឆ្នាំ និងកូនប្រុសដែលស្លាប់ឈ្មោះ ខុន វិសាល អាយុ៣ឆ្នាំ មានទីលំនៅ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ប្រភពបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូម៉ាស៊ុយហ្សុយគីស្មាស់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងដំណើរពីត្បូងមកជើង ដោយដាក់កូនប្រុសឲ្យអង្គុយពីមុខ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុលទៅបុកគូទរថយន្តយីឌុបកំពុងឈប់ស្ងៀម ពីក្រោយយ៉ាងពេញទំហឹង។

ក្រោយឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋបានរត់មកជួយយកជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារតែរបួសធ្ងន់ពេក កូនប្រុសបានស្លាប់ រីឯឪពុករងរបួសធ្ងន់។

ដោយឡែករថយន្តយីឌុប ក្រោយពេលកើតហេតុ បានបើកគេចបាត់ ៕

father & son (1)father & son (2)father & son (3)father & son (4)father & son (5)father & son (6)father & son (7)

មតិយោបល់