ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២ករណីក្នុងថ្ងៃតែមួយបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់៣នាក់និងខូចខាតម៉ូតូ៣គ្រឿង

ពោធិ៍សាត់ៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍២ករណីនៅក្នុងថ្ងៃតែមួយបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់៣នាក់និងខូចខាតម៉ូតូ៣គ្រឿង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍ទី១កើតឡើងនៅវេលាម៉ោង១៨និង៤៥នាទីយប់ ផ្លូវទៅតាលោ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០២០ គ្មានផ្លាកលេខ បើកបរពីត្បូងទៅជើង បើកបរដោយឈ្មោះ អុី សប្បុរស ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន (រងរបួសធ្ងន់) ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ០១គ្រឿងម៉ាកវ៉េវអាល់ហ្វា គ្មានផ្លាកលេខ បើកបរពីជើងទៅត្បូង បើកបរដោយឈ្មោះ សៀន ម៉ុម ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ ផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន(រងរបួសធ្ងន់)បើកបរក្នុងទិសដៅច្រាសគ្នា។ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

ករណីគ្រោះថ្នាក់ចរាចរណ៍ទី២កើតឡើងនៅវេលាម៉ោង២០និង២៥នាទីល្ងាច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ២០៩និង ២១០ស្ថិតនៅភូមិ បឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន មានម៉ូតូ០១គ្រឿង ម៉ាកស្គប់ពីរ ស៊េរី ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ1BQ-6773 បើកបរពីលិចទៅកើត បើកបរដោយឈ្មោះ ចាន់ ដារ៉ា ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន(របួសធ្ងន់)ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយរថយន្ត០១គ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវក្រហម ពាក់ផ្លាកលេខភ្នំពេញ 3A-7981 បើកបរពីកើតទៅលិចក្នុងទិសដៅច្រាសគ្នា (អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់)ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន។

រីឯរថយន្តនិងម៉ូតូទាំង០៣គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ រង់ចាំការដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់