សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីអគ្គិភ័យនៅចំណុចអាគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ និងរបួសធ្ងន់ ១នាក់។
តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ៖
ជនរងគ្រោះទី១/ឈ្មោះ អ៊ីង ស៊ីម ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល មមុខរបរសន្តិសុខក្លឹប អេលីត (ដល់ពេទ្យខេត្តស្លាប់)។
ជនរងគ្រោះទី២/ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត (កំពុងសង្គ្រោះបន្ទាន់នៅពេទ្យខេត្ត)។
ជនរងគ្រោះទី៣/ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គ មុខរបរសន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះទី៤/ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ មុខរបរអ្នកចំរៀង ស្លាប់នៅកន្លែងកើតហេតុ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ក្នុងកិច្ចប្រតិបត្តិការសង្រ្គោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ក្នុងនោះ ៖ រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ ឡាន, អធិការក្រុង ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, អាវុធហត្ថ ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន, បេតិកភណ្ឌ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, អាជ្ញាធរអប្សរា ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន, អាកាសយានដ្ឋានសៀមរាប ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។
គួរបញ្ជាក់ថា អគ្គិភ័យខាងលើ កើតឡើងនៅថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩និង៣០នាទី ហើយបានរលត់ទៅវិញវេលាម៉ោង២២និង៥០នាទី មូលហេតុដែលបង្កឲ្យមានអគ្គិភ័យ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់