(ឡុងដ៍)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាការចោទប្រកាន់របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិនថាលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន គឺជា «ឧក្រិដ្ឋជនសង្រ្គាម» ជុំវិញសង្រ្គាមអ៊ុយក្រែន គឺជាពាក្យសម្ដីមិនអាចលើកលែងឱ្យបាន ចេញពីមាត់មេដឹកនាំ នៃប្រទេសមួយដែល បានសម្លាប់ប្រជាជនស៊ីវិល នៅក្នុងជម្លោះរាប់មិនអស់នៅជុំវិញពិភពលោក។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្លោយមាត់ដោយហៅ លោក ពូទីនថាជាឧក្រិដ្ឋជនសង្រ្គាមនៅចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ជុំវិញពាក្យសម្ដីរបស់លោក ចូ បៃដិន, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថាវាជា រឿងមិនអាចទទួលយកបាន និងមិនអាចលើកលែងឱ្យបានជាដាច់ខាត។
លោកបន្ថែមទៀតថា លោក បៃដិន គ្មានសិទ្ធិប្រៀនប្រដៅរុស្ស៊ីពីឧក្រិដ្ឋកម្មសង្រ្គាមនោះទេ ព្រោះលោកជាមេដឹកនាំនៃប្រទេសមួយដែលបានទម្លាក់ គ្រាប់បែកសម្លាប់ជនស៊ីវិលនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដូច្នេះមេដឹកនាំប្រទេសរបៀបនេះគ្មានសិទ្ធិអ្វី ធ្វើសេចក្ដីថ្លែងការណ៍ចោទប្រកាន់លើលោកប្រធានាធិបតី ពូទីនឡើយ។
ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចចោទថារុស្ស៊ីកំពុងសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែន លោក ប៉េស្កូវ ក៏បានរំឮកឡើង វិញផងដែរថាសហរដ្ឋអាមេរិកបានទម្លាប់គ្រាប់បែកនុយក្លេអ៊ែរក្នុងប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥ ដោយបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្កាសាគី ហើយបណ្ដាលឱ្យប្រជាជនស៊ីវិលជប៉ុនរាប់សែននាក់បានស្លាប់៕
ប្រភព៖ Reuters
មតិយោបល់