ព័ត៌មានជាតិ

ម៉ូតូកង់បីឥណ្ឌាបុកកាមរីបាឡែន ពេញទំហឹងខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ: ម៉ូតូកង់បីមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន ទៅបុកកាមរីបាឡែនពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាងសងថ្លៃជួសជុល ៣០០ដុល្លារបញ្ចប់រឿង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១១៣ កែងនឹងផ្លូវ២៧៨ ក្នុងសង្កាត់បឹងកេងកង ២ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក toyota camry ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC 4515 បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីត្បូង ទៅជើងតាមបណ្តោយផ្លូវ១១៣ ខណ:មកដល់ត្រង់ចំណុចកើតហេតុ និងផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌សមិនមានពាក់ស្លាកលេខបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិច ទៅកើត តាមបណ្តោយផ្លូវ២៧៨ បានជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរថយន្តនឹងកង់បីរងការខូចខាតយ៉ាងដំណំតែសំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ត្រួតពិនិត្យរួចរាល់ ទុកពេលឲ្យភាគីទាំងពីរធ្វើការចរចាសម្របសម្រួលគ្នាអស់រយ:ពេលមួយម៉ោងកន្លះ ទើបភាគីខាងកង់បីឥណ្ឌាព្រមទទួលកំហុស ចេញសងរាល់ការខូចខាតទៅលើរថយន្តជាសំណង ៣០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់