ព័ត៌មានជាតិ

Range Rover ស្លាកលេខ ភ្នំពេញ2U-9665 បើកឆ្លងមិនប្រយ័ត្នត្រូវម៉ូតូឌ្រីមបុកពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់!

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៩ ជិះដោយបុរសម្នាក់យ៉ាងលឿន ទៅបុកចំទ្វាមុខខាងស្ដាំរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវលេខ២២១ សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-9665 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២២១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ឆ្លងផ្លូវកម្ពុជាក្រោម ត្រូវបានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1K-5029 ជិះយ៉ាងលឿនតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច មិនប្រយ័ត្នបានទៅបុកចំទ្វារថយន្តខាងមុខផ្នែកខាងស្ដាំពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ។ចំណែករថយន្តឯណោះវិញ រងកាខូចខាតទ្វាមុខខាងស្ដាំយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោកបានចុះមកធ្វើការវាស់វែងយករថយន្ត និង ម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំភាគីទាំងសងខាងចូលខ្លួនមកបំភ្លឺនិងដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់