បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក និងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួសម្នាក់ នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច ក្រុមទី០៧ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ២៤៩-២៥០ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣៥នាទី។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក ០១គ្រឿងម៉ាក គូបូតា កម្លាំង១២សេស អ្នកបើកបរឈ្មោះ ញ៉ន ញិប ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បើកបរពីទិសខាងភ្នំពេញមុខទៅទិសខាងបាត់ដំបង លុះពេលមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយនឹងម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-5349 ជិះមានគ្នាចំនួន ៣នាក់ អ្នកបើកបរឈ្មោះ វឿត បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់បាត់បង់ជីវិត) និងអ្នករួមដំណើរចំនួន ០២នាក់ទៀត ១.ឈ្មោះ វឿន រ៉ូឌី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅ ភូមិឃុំជាមួយអ្នកបើកបរ និង២.ឈ្មោះ វ៉េត វ៉ាង ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្រោយពីសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុរួចឃើញថា គ្រោះថ្នាក់ខាងលើនេះ បង្កដោយភាគីខាងគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក បើកបរស្របទិសគ្នាដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូពេញទំហឹងតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការដកហូតមធ្យោបាយបង្កទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្ននគរបាលជំនាញស្រុក បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់