កណ្ដាលៈ យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងខេត្តសៀមរាប។
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣៖៣០នាទី នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីឃាតកម្មមួយកើតឡើងបង្កឡើងដោយឈ្មោះ ធួក ឈាត (ត្រូវជាប្តី) បានធ្វើសកម្មភាពយកកាំបិតចុងស្រួចដងឈើចាក់ចំបំពង់កប្រពន្ធឈ្មោះ សូ ចាន់ធី អាយុ ៣៨ឆ្នាំ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល ហើយជនសង្ស័យជាប្តីបានរត់គេចខ្លួនបាត់។
ក្រោយពីមានហេតុការណ៍កើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់កំណត់បានទីតាំងជនសង្ស័យលាក់ខ្លួន។ រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤៖៣០នាទី កម្លាំងជំនាញបានសហការជាមួយស្នងការខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធួក ឈាត នៅចំណុចរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បច្ចុប្បន្នជនសង្ស័យខាងលើ យកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យស្នងការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់