ភ្នំពេញៈ នៅវេលាម៉ោង០២និង៥០នាទីយប់ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ យុវជនម្នាក់បានបែកក្បាលស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបុកពេញទំហឹង ផ្លោងចេញពីរ៉ឺម៉កជាង១០ម៉ែត្រ ហើយរថយន្តបង្កបើករត់គេចជ្រុលទៅបុកម៉ូតូ PCX មួយគ្រឿងទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនបានទាំងរថយន្តនិងតៃកុង ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ១៣៨ សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
នៅមុនពេលកើតហេតុ គេឃើញរថយន្ត TOVOTA PORIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2 BN 7592 បើកដោយបុរសម្នាក់ រួមដំណើរនិងនារីម្នាក់ តាមបណ្ដោយផ្លូវ២២១ ទិសដៅពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករ៉ឺម៉កដឹកបន្លែ បើកដោយយុវជនម្នាក់ តាមបណ្ដោយផ្កូវ១៣៨ ទិសដៅពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យម្ចាស់រ៉ឺម៉កផ្លោងជាច្រើនម៉ែត្រ បែកក្បាលស្លាប់ ។ ចំណែកឯរថយន្តបង្កនោះវិញ មិនព្រមឈប់ទទួលខុសត្រូវនោះទេ បានបើករថយន្តរត់គេច រហូតទៅដល់ក្រោយសាលាបឋមសិក្សាសន្ធម៉ុក ក៏ជ្រុលទៅបុកម៉ូតូ PCX មួយគ្រឿងទៀត ទើបសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរ និងរថយន្តរង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញក្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយជំនាញក្រុង ចុះវាស់វែងយករថយន្តបង្ក និងរ៉ឺម៉ករងគ្រោះទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណាត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់