ភ្នំពេញ ៖ លោកគ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវីបង្វក់ស្ត្រីម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកតុលាការហើយ នៅវេលាម៉ោង១០ និង១០ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបញ្ជូនឲ្យតំណាងអយ្យការធ្វើការសាកសួរ តាមនីតិវិធី ។
លោកគ្រូជោគជ័យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានបង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យ ទាំងលង់សំដី ចេតនាទុច្ចរិតទីបំផុត ជាប់ខ្នោះសមត្ថកិច្ចតាមបំណងអំពើល្មើសច្បាប់ ក្នុងបណ្តឹងព្រហ្មទណ្ឌជនរងគ្រោះឈ្មោះ ជា ចាន់តុលា ។
យោងតាមពាក្យបណ្ដឹងដែលសារព័ត៌មានបានទទួលចោទលើលោកគ្រូជោគជ័យ ខាងបោកដោយបញ្ជាក់ដើមបណ្ដឹងថា ខ្ញុំបាទឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ដូរ។
សូមគោរពជូនចូលលោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្មវត្ថុ ៖ សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៤”ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើសកម្មភាពតាំងខ្លួនជាមេធាវីរារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធារី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាងទូដែកវេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់ខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន លោកមេត្តាជ្រាបថា កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនងជាមួយ ឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់ខ្ញុំបាទ (អនីតិសង្វាស) ដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែកចេញពីផ្ទះរបស់ខ្ញុំបាទ ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបានមកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធារី ផ្ទេរកម្មសិទ្ធិផ្ទះដែលខ្ញុំបាទនិងឈ្មោះ ស៊ាន ធារី បានទិញរួមគ្នា និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធារី ដកឈ្មោះខ្ញុំបាទចេញពីគ្រុបការងារ និងបណ្ដេញខ្ញុំបាទចេញលែងឲ្យធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យខ្ញុំបាទចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យខ្ញុំបាទបានដឹងឡើយ ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលខ្ញុំបាទទៅហាងលក់សំលៀកបំពាក់ឈ្មោះ V SHOP CAMBODIA ដែលមានទីតាំងស្ថិតនៅផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាងកុំឱ្យយកសំលៀកបំពាក់ទាំងអស់នោះចេញពីហាង ដោយមានសមត្ថកិច្ច ជួយសម្របសម្រួល និងណែនាំដល់បុគ្គលិកទាំងអស់នោះ ស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជាបុគ្គលិកហាងបានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ដើម្បីបញ្ជាក់ និងទាមទារយកអីវ៉ាន់ចេញ ពេលដែលកំពុងនិយាយស្រាប់តែឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមកនិយាយសាកសួរ ទៅសមត្ថកិច្ចដែលកំពុងណែនាំ និងបង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច ពេលនោះផងដែរ សមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក(Bun Park) ថាមានតួនាទីជាអ្វីនៅក្នុងរឿងនេះ បានជាអ្នកហ៊ានអះអាង និងសួរនាំសមត្ថកិច្ចដូច្នេះ ពេលនោះ ដោយមានការបញ្ជាក់ជាច្រើនដងពីសមត្ថកិច្ចឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានឆ្លើយអះអាងថាខ្លួន គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មកសមត្ថកិច្ច ក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការសម្របសម្រួលតែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិនមកជួបដោះស្រាយជាមួយខ្ញុំបាទឡើយ ។
ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូចខាត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្តិយសរបស់ខ្ញុំបាទបន្តទៅទៀត ៕
មតិយោបល់