ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ

ភ្នំពេញៈ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោស តាមនីតិវិធីច្បាប់ ។

បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ពាក់ព័ន្ធករណី លួចទូរស័ព្ទដៃមួយគ្រឿង នៅចំណុចម្ដុំផ្សារដេប៉ូ ស្ថិតក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣និង៥៥នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ។

ជនសង្យ័យដែលត្រូវឃាត់ខ្លួនឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រោមវិធានការជំនាញ ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ ជនសង្ស័យនិងបក្ខពួកម្នាក់ទៀត បានធ្វើដំណើរនៅម្ដុំផ្សារដេប៉ូ ក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 7plus ដែលម្ចាស់បានសាកថ្មទុកចោលនៅលើម៉ូតូកង់បី (ផាស់អាប់) ដោយឃើញឱកាសល្អ ពួកខ្លួនបានធ្វើសកម្មភាព លួចយកទូរស័ព្ទនោះតែម្តង ។

រហូតមកដល់វេលាម៉ោង១៤និង៤០នាទីថ្ងៃដដែល បក្ខពួកខ្លួនត្រូវបានជនរងគ្រោះរកឃើញតាមរយៈប្រព័ន្ធ GPS ទូរស័ព្ទ និងបានរាយការណ៍ដល់សមត្ថកិច្ច អាវុធហត្ថខណ្ឌចំការមន ដែលល្បាតការពារនៅគោលដៅនោះធ្វើអន្តរាគមន៍ឃាត់ខ្លួន បានរូបខ្លួន រីឯបក្ខពួកម្នាក់បានកំពុងរត់គេចខ្លួន ។ ហើយកម្លាំងអាវុធហត្ថខណ្ឌចំការមនក៏បានប្រគល់ទូរស័ព្ទជូន ជនរងគ្រោះវិញផងដែរ ៕

មតិយោបល់