(បាងកក)៖ មន្ត្រីការទូតអាមេរិកជាន់ខ្ពស់ម្នាក់ទទួលបន្ទុកកិច្ចការអាស៊ី បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិនបានស្នើ ឬបង្ខំឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវជ្រើសរើសរវាងអាមេរិក និងចិននោះទេ តែគ្រាន់តែចង់លើកកម្ពស់ច្បាប់ជាមូលដ្ឋាន និងប្រឆាំងការរាល់ការធ្វើបាបប្រទេសតូច ពីសំណាក់ប្រទេសធំតែប៉ុណ្ណោះ។
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink ធ្វើការកត់សម្គាល់បែបនេះនាឱកាសបំពេញទស្សនកិច្ចក្នុង ប្រទេសថៃ នៅថ្ងៃសុក្រសប្ដាហ៍នេះជាកិច្ចបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក បានសង្កត់ធ្ងន់ថាអាមេរិកមានបំណងស្ដារឡើងវិញនូវទំនាក់ទំនងមិត្តភាពក្នុងតំបន់អាស៊ី។
ព្រមពេលជាមួយនៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក បានស្នើឱ្យបណ្ដាប្រទេសដទៃធ្វើការជ្រើសរើសថាតើឈរនៅខាងអាមេរិក ឬខាងចិន លោក Daniel Kritenbrink បានឆ្លើយថាសហរដ្ឋអាមេរិកមិនធ្វើបែបនេះជាដាច់ខាត។ «យើងចង់ឱ្យប្រទេសជាដៃគូនៅក្នុងតំបន់មានជម្រើស ប៉ុន្តែពួកគេមានអធិបតេយ្យភាពក្នុងការសម្រេចចិត្តដោយ ខ្លួនឯង»។ នេះជាការបញ្ជាក់របស់មន្ត្រីទូតជាន់ខ្ពស់រូបនេះ។
ការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងអាមេរិក និងចិន នាពេលបច្ចប្បន្ន ត្រូវបានក្រុមអ្នកជំនាញមួយចំនួនចាត់ទុកថាជាការចាប់ផ្ដើមយុគសម័យនៃសង្រ្គាមត្រជាក់ថ្មីមួយ ដែល នឹងបង្ខំឱ្យប្រទេសតូចៗ ត្រូវជ្រើសរើសថាពួកគេឈរនៅខាងអាមេរិក ឬនៅខាងចិន ទៅថ្ងៃអនាគត៕
ប្រភព៖ Reuters
មតិយោបល់