ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសយុវជនម្នាក់ដាក់ពន្ធនាគារ១២ឆ្នាំ និងតម្រូវឲ្យសងសំណងទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន១០លានរៀល។
សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ សុខ ឈុន ហៅ ឈូង ភេទប្រុស អាយុ២៣ឆ្នាំ ជាប់ចោទពីបទ ឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។
ចំណែកជនរងគ្រោះមានឈ្មោះ លី ភូម៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រស្បែកជើង រស់នៅភូមិខ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ និងបានបដិសេធគ្រប់ចម្លើយកាលពីមុនទាំងអស់។
លោកស្រី សេន ម៉ាណាល ជាម្តាយជនរងគ្រោះ និងជាដើមបណ្តឹងរដ្ឋប្បវេណីបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន៣០០០ដុល្លារពីជនជាប់ចោទ និងសំណូមពរឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់៕
https://youtu.be/vNawru9qPmg
មតិយោបល់