ព័ត៌មានជាតិ

ស្លាប់មនុស្ស ៥នាក់ របួសធ្ងន់ ៦នាក់ ករណីរថយន្តស្ទូចបុកជាមួយ ឡាន SANGYUNG រត់តាក់ស៊ី នៅផ្លូវជាតិលេខ៣

កំពតៈ ថ្ងៃសៅរ៍១៥រោច ខែកត្កិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចភូមិកែបថ្មី ឃុំបឹងទូក ក្រុងបូកគោ ខេត្តកំពត លើផ្លូវជាតិលេខ៣ (កំពត-វាលរិញ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៣-១៥៤ រវាងរថយន្ត និងរថយន្តដែលមានទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើត។

រថយន្តបង្កម៉ាក HINO ប្រភេទឡានស្ទូច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A -8518 បើកបរដោយឈ្មោះ រ៉ន វណ្ណា ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នមកដល់កន្លែងកើតហេតុ បានផ្ទុះកង់ខាងមុខផ្នែកខាងឆ្វេង រួចរេចង្កូតទៅបុកនឹងរថយន្តមួយគ្រឿងទៀត ដែលមានទិសដៅពីទិសខាងកើតទៅទិសខាងលិចរថយន្តម៉ាក SANGYUNG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-8313 បើកបរដោយឈ្មោះ ណែត ពិសិត ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិពាលី ឃុំកំពង់ឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ (រត់តាក់ស៊ីពីខេត្តតាកែវទៅខេត្តព្រះសីហនុ) រងរបួសធ្ងន់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ក្នុងរថយន្តម៉ាក SANGYUNG នោះមានអ្នករួមដំណើរចំនួន ១០នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយស្លាប់ និងរងរបួសខូចខាតសម្ភាររួមមាន៖
១-បណ្តាលអោយមនុស្សស្លាប់ចំនួន ៥នាក់(ក្មេងស្រីម្នាក់និងក្មេងប្រុសម្នាក់)។
២-រងរបួសធ្ងន់ចំនួន ៦នាក់(ស្រីចំនួនម្នាក់និងក្មេងចំនួន០២នាក់)។

វត្ថុតាងរួមមានរថយន្តចំនួន ២គ្រឿងខូចខាតកម្រិតធ្ងន់ យកមករក្សាទុកនៅធអិការដ្ឋាននគរបាលក្រុងបូកគោ។

បញ្ជាក់៖ អ្នករួមដំណើរស្លាប់ និងរងរបួសមិនទាន់ស្គាល់សាវតាជាតិនៅឡើយ៕

មតិយោបល់