ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តបាត់ដំបង ស្វែងរក និងឃាត់ខ្លួនបុរសជាភេទទី ៣ម្នាក់ ដល់ខេត្តស្វាយរៀង ករណីបន្លំជាស្រីស្អាតឆាតទាក់ទង សុំស្នេហ៍ និងមើលរូបភាពល្វែងក្រោម របស់ជនរងគ្រោះ ហើយលួចថតទុក ដើម្បីគំរាមទារប្រាក់

បាត់ដំបង: អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោក ឧត្ដមសេនីយ៍ ទោ កឹង ឃន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ដែលមានលោក ឧត្ដមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង ផងនោះ ។

កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង២៤នាទីព្រឹក នៅចំណុចភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ទោ សោម គោវិទ្ធ នាយរងការិយាល័យ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប និងកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ព្រំ ពិសិដ្ឋ រួមនឹង កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដែលដឹកនាំដោយលោកវរសេនីយ៍ទោ កៅ ហ៊ន ជាអធិការ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានចុះ ប្រតិបត្តិការបង្ក្រាប ករណីគំរាមកំហែងហែកកេរ្តិ៍ (ទារប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈន់ កូរីណា ភេទប្រុស (ភេទទី៣) អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ និងនាំខ្លួនបែបនេះ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Bona ta momo ដាក់រូបស្រីស្អាតប្រមាណជាងមួយ ឆ្នាំកន្លង មកហើយ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យខាងលើ ប្រើល្បិចទាក់ទងគ្នាតាមឆាត និងបានសួរទៅកាន់ជនរងគ្រោះថា ចង់មើលផ្នែកខាងក្រោមទេ បើចង់មើលជនរងគ្រោះ ត្រូវដោះខោអាវចេញពីខ្លួនទាំងអស់ ហើយជនសង្ស័យ ក៏បានថតរូបជនរងគ្រោះរក្សាទុក ហើយពេលបន្តបន្ទាប់មកជនស័្សយរូបនេះ បានគំរាមទារប្រាក់ពីជនរងគ្រោះឈ្មោះ រ .វ ភេទប្រុស មានទីលំនៅក្នុងខេត្តបាត់ដំបង សរុបជាទឹកប្រាក់ប្រហែលចន្លោះពី ៤,០០០ដល្លារទៅ ៥ ,០០០ដល្លារ(ពាន់ដុល្លារអាមេរិក) ជាថ្នូរថានឹង មិនផ្សព្វផ្សាយរូបភាពនេះទេ តែបើមិនបានប្រាក់ទេ រូបគេនឹងផ្សព្វ ផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជនរងគ្រោះ។

ដោយមិនអាចទ្រាំរស់នៅក្រោមការគំរាមកំហែងរបស់ជនសង័្សយខាងលើបាន ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីស្វែងរកជនសង័្សយខាងលើ យកមកអនុវត្តតាមច្បាប់។

ឆ្លងតាមរយ:ការស្រាវជ្រាវ ស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងកសាងសំណុំរឿង ស្វែងរកចាប់ខ្លួនរហូតដល់ខេត្តស្វាយរៀងតែម្តង។

វត្ថុតាងដកហូតរួមមាន៖
-ទូរស័ព្ទដៃម៉ាក OPPO A53 ពណ៌ស ចំនួន ១គ្រឿង ។

ការបង្រ្កាបឃាត់ខ្លួន និងផ្សព្វផ្សាយនៅពេលនេះ ក៏ជាព័ត៌មានមួយជូនដំណឹងដល់បងប្អូន ដែលតែងតែនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះករណី ដូចខាងលើនេះ ម៉្យាងចំពោះបងប្អូនដែលធ្លាប់ជាជនរងគ្រោះ ដោយស្នាដៃ(ស្រីស្អាត)ខាងលើ សូមអញ្ជើញទំនាក់ទំនងមកសមត្ថកិច្ចនគរបាល ដើម្បីជាសមត្ថកិច្ចក្នុងករណីនេះ។

បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់