សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ ស៊ំា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច មានស្ថានទម្ងន់ទោស ( គាស់ស័ង្កសី តូបលួចយកទូរស័ព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅតូបលក់ទូរស័ព្ទយីហោ ពីង ពីង លក់ទូរស័ព្ទដៃទំនើប ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ស័ង្កសីតូបលួចយកទូរស័ព្ទ ) ចំនួន២១គ្រឿង មានទូរស័ព្ទម៉ាក សាំ ស៊ុង ចំនួន០៥គ្រឿង ម៉ាកអូបពរ ចំនួន១៣គ្រឿង និងម៉ាកវីវូ ចំនួន០៣គ្រឿង របស់ជនរងគ្រោះឈ្មោះ ហេង សំណាង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុ ខណៈពេលជនរងគ្រោះមិននៅតូបបង្កឡើងដោយ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ។
បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ និងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចក៏កំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើដែលជាមុខសញ្ញាធ្លាប់ជាប់ ពន្ធនាគារ យកមកសាកសួរ ។
តាមការសាកសួរ របស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានឡើងហែកស័ង្កសីចូលទៅក្នុងតូបរបស់ ជនរងគ្រោះ លួចយកទូរស័ព្ទចំនួនខាងលើពិតមែន ដោយឡែកទូរស័ព្ទ ដែលជនសង្ស័យលួចនោះជនសង្ស័យបានយក ទៅលក់ និងបញ្ចាំ អស់ហើយ ។ សមត្ថកិច្ចបានធ្វើតេស្ត ស្វែងរកសារធាតុញៀន លើជនសង្ស័យ លទ្ធផល វិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីនីតិវិធីច្បាប់ ៕
មតិយោបល់