ព័ត៌មានជាតិ

យុវជន ៣នាក់ បើកម៉ូតូលឿនបុកសត្វគោកំពុងដើរឆ្លងផ្លូវប្រកាច់ងាប់ភ្លាមៗ រីឯមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់

រតនគិរី: កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកសត្វគោ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូសាប ក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ជនរងគ្រោះ ៣នាក់រួមមាន៖
១/អ្នកបើកបរម៉ូតូឈ្មោះ ឃួន ពី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ (ស្លាប់)។
២/ឈ្មោះ ប្រាក់ ថាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ រងរបួសធ្ងន់។
៣/ឈ្មោះ ប្រាក់ ថេរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់។
អ្នកទាំង៣មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មិនពាក់មួកសុវត្ថិភាព។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញយុវជន ៣នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៧៨ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបុកសត្វគោកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យសត្វគោប្រកាច់ងាប់ភ្លាមៗ រីឯមនុស្សផ្លោងទៅចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរ ជាអកុសលអ្នកបើកបរម៉ូតូ បានដាច់ខ្យល់ស្លាប់តាមផ្លូវ ហើយអ្នករួមដំណើររងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរ។

ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់សត្វគោ ដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់