(Reuters) - មន្ត្រីអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកបាននិយាយថា ដោយសារការខាតបង់កាន់តែកើនឡើងនៅសមរភូមិ យោធាអាហ្វហ្គានីស្ថានកំពុងធ្វើកំណែទម្រង់យុទ្ធសាស្ត្រសង្គ្រាមរបស់ខ្លួនដើម្បីប្រឆាំងនឹងពួកតាលីបង់ ក្នុងការប្រមូលផ្តុំកម្លាំងនៅជុំវិញតំបន់សំខាន់ៗដូចជា ទីក្រុង Kabul និងទីក្រុងដទៃទៀត តំបន់ព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងៗផងដែរ ។
យុទ្ធសាស្ត្រនយោបាយដែលប្រកបដោយហានិភ័យ នឹងប្រគល់ទឹកដីដល់ពួកឧទ្ទាមតាលីបង់ដោយចៀសមិនផុត។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ការកែប្រែយុទ្ធសាស្ត្រសង្គ្រាមហាក់ដូចជាមានភាពចាំបាច់ផ្នែកយោធានៅពេលដែលកងទ័ពអាហ្វហ្គានីស្ថានដែលកំពុងមានរបួសយ៉ាងដំណំព្យាយាមការពារទីរួមខេត្តកុំឲ្យបាត់បង់ដែលអាចបណ្តាលឲ្យប្រទេសនេះបាក់បែកខ្លាំង។
ការបង្រួបបង្រួមកម្លាំងដែលត្រូវបានគេទទួលស្គាល់ជាសាធារណៈប៉ុន្តែមិនត្រូវបានគេរាយការណ៍លម្អិតនោះទេមុននឹងការដកទ័ពរបស់សហរដ្ឋអាមេរិកមុនពេលបញ្ចប់បេសកកម្មជាផ្លូវការនៅថ្ងៃទី ៣១ ខែសីហា តាមការបញ្ជាពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។
ពួកបះបោរតាលីបង់កំពុងដណ្តើមកាន់កាប់ទឹកដីកាន់តែច្រើនឡើងដែលមន្ទីរបញ្ចកោណបានប៉ាន់ប្រមាណកាលពីថ្ងៃពុធ ដែលនាពេលបច្ចុប្បន្ននេះបានពង្រីកដល់ជាង២៥%នៃតំបន់ទីប្រជុំជនក្នុងស្រុករបស់អាហ្វហ្គានីស្ថាន។ ពួកតាលីបង់ក៏កំពុងតែដាក់សម្ពាធនៅជាយក្រុងនៃខេត្តចំនួនពាក់កណ្តាលដោយព្យាយាមបំបែកខេត្តទាំងនោះឲ្យដាច់ដោយឡែក។
ការវាយតំលៃផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានព្រមានថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចនឹងចុះចាញ់ក្នុងរយៈពេល ០៦ ខែ។
មន្ត្រីអាហ្វហ្គានីស្ថានម្នាក់និយាយក្នុងលក្ខខណ្ឌអនាមិកថា ការ “រៀបចំកងទ័ពឲ្យប្រសើរឡើងវិញ” នឹងជួយទីក្រុង Kabul កាន់កាប់ទឹកដីយុទ្ធសាស្ត្រ និងការពារហេដ្ឋារចនាសម្ព័ន្ធរួមទាំងទំនប់មួយដែលត្រូវបានសាងសង់ដោយជំនួយរបស់ឥណ្ឌា និងផ្លូវធំៗផងដែរ ។
ប៉ុន្តែការប្រមូលកងទ័ពដើម្បីរៀបចំឡើងវិញក៏មានន័យថា ការចាកចេញរបស់កងទ័ពបានទុកឲ្យតំបន់ដទៃទៀតមិនមានការការពារ ដែលអាចជំរុញឲ្យសហគមន៍អាហ្វហ្គានីស្ថាន ឬក្រុមជនជាតិភាគតិចមានអារម្មណ៍ថាពួកគេកំពុងត្រូវបានគេបោះបង់ចោលទៅឲ្យពួកតាលីបង់ ៕
មតិយោបល់