កណ្ដាលៈ នៅថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងរវាងរថយន្តនិងម៉ូតូ ទិសដៅផ្ទុយគ្នា បណ្តាលអោយស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ម្នាក់ លើកំណាត់ផ្លូវលំក្រាលកៅស៊ូលេខ១៥១ ស្ថិតក្នុងភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក LEXUS RX350 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2D-6959 បើកបរដោយឈ្មោះ ទូច សេងហួ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) ។ បើកបរមានទិសដៅពីជើងទៅត្បូង លុះពេលបើកបរមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក HONDA CUB C90 ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ភ្នំពេញ 1GH-1510 បើកបរដោយឈ្មោះ ពុំ មករា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព,ស្លាប់នៅកន្លែងកើតហេតុ) ។ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ មុត សុភា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព,រងរបួសធ្ងន់) ។ ដែលបើកបរមានទិដៅពីត្បូង ទៅជើង (ផ្ទុយទិសគ្នា) ។
ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកឯវត្ថុតាងទាំងពីរ ត្រូវបានយកមករក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី ។
សេចក្តីសន្និដ្ឋាន៖ ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក LEXUS RX350 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2D-6959 បើកបរមិនប្រុងប្រយ័ត្ន បើកបរចូលចំណែកផ្លូវយានម្ខាងទៀត ដែលមានទិសដៅផ្ទុយគ្នា ៕
មតិយោបល់