ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងយានយន្តចំនួន០៤គ្រឿងបានបុកគ្នា បណ្ដាលឲ្យស្រ្តីមានផ្ទៃ ពោះម្នាក់ រងរបួសស្រាល កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវតាកន ស្ថិតក្នុងភូមិ ព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា យានយន្តដែលបានបុកគ្នាពេញទំហឹងនោះ រួមមានទី១-ម៉ូតូកង់បីទ្រុងដឹកទំនិញ ពណ៌ក្រហម ទី២-រថយន្តម៉ាកតូយ៉ូតាស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ AY-1415 ទី៣-រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លកលេខភ្នំពេញ 2BG-6013 និងទី៤-ម៉ូតូម៉ាកហុងដាស្កូបពី ពាក់ស្លាកលេខភ្នំពេញ 1HX-0825 ជិះដោយស្រ្តីមានផ្ទៃពោះម្នាក់ រងរបួសស្រាល ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ រថយន្តម៉ាកតូយ៉ូតាព្រូស បានឈប់ចតស្ងៀម នៅតាមចិញ្ចើមផ្លូវ ចំណែករថយន្តម៉ាកតូយ៉ូតាស៊ីណាបើកបរក្នុងទិសដៅពីកើតទៅលិច ។ រីឯម៉ូតូកង់បីទ្រុងដឹកទំនិញ និងម៉ូតូហុងដាស្កូបពី បើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូកង់បីទ្រុង គេចរថយន្តព្រូស ក៏ជ្រុលទៅបុកជាមួយរថយន្តស៊ីណា ពេញទំហឹងតែម្តង ។
ប្រភពខាងលើ បានប្រាប់ថា ខណៈនោះបណ្ដាលឲ្យម៉ូតូកង់បីទ្រុងនោះ ខ្ទាតទៅបុករថយន្តព្រូស យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងស្រ្តីមានផ្ទៃពោះ ដួលរងរបួសស្រាល ។
ក្រោយពេលកើតហេតុ ដោយសារតែរបួសស្រាល មិនចង់មានរឿងវែងឆ្ងាយ ស្រ្តីមានផ្ទៃពោះ ដែលជិះម៉ូតូស្កូបពី បានចាកចេញទៅបាត់ ដោយមិនចង់វែងឆ្ងាយ នៅសល់តែម្ចាស់រថយន្តស៊ីណា រថយន្តព្រូស និងកង់បីទ្រុងដឹកទំនិញ សម្របសម្រួលគ្នា នៅនឹងកន្លែងកើតហេតុបន្ត ៕
មតិយោបល់