ព័ត៌មានជាតិ

រថយន្តធុនធំ បុកម៉ូតូ ២គ្រឿង បណ្តាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកថ្មគោល

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦ និង៥០នាទី ស្ថិតលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១០ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកទំនិញ ១គ្រឿង បុកនឹងម៉ូតូចំនួន ២គ្រឿង បណ្តាលឲ្យមនុស្សចំនួន ០៣នាក់រងរបួសធ្ងន់ស្រាល ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍ឲ្យដឹងថា ៖ មានម៉ូតូ០១គ្រឿង ម៉ាកស៊ូម័រ (ZOOMER) ពណ៍សខ្មៅ ស៊េរី២០១៧ ពាក់ផ្លាកលេខ បាត់ដំបង 1AA-3621 បើកបរដោយឈ្មោះ អឿន ប៊ុនថង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល និងរថយន្តដឹកទំនិញធុនធ្ងន់ ០១គ្រឿង ម៉ាកនីសាន់ (NISSAN) ពណ៍ស ពាក់ផ្លាកលេខ តាកែវ 3A-1170 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ និងម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាឌ្រីម(HONDA-DREAM) C១២៥ ពណ៍ខ្មៅ ស៊េរី២០១២ ពាក់ផ្លាកលេខ បាត់ដំបង 1M-0355 បើកបរដោយឈ្មោះ លឿត សាខន ភេទស្រី អាយុ៣៨ឆ្នាំ រួមដំណើរមានគ្នា ០១នាក់ឈ្មោះ សុគុណ រក្សា ភេទប្រុស អាយុ១៣ឆ្នាំ អ្នកទាំងពីរនាក់មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល និងបង្គោលស្លាកសញ្ញាថ្មើរជើងមួយ បង្គោលសូឡាមួយ និងដងទង់ជាតិមួយ ។ ហេតុការណ៍ខាងលើនេះ បណ្តាលឲ្យភាគីអ្នកបើកបរម៉ូតូស៊េរី២០១២ រងរបួសស្រាល ០១នាក់ស្រី និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់០១នាក់ ប្រុស (មិនពាក់មួកសុវត្ថិភាពទាំងពីរ) ហើយភាគីអ្នកបើកបរម៉ូតូស៊េរី២០១៧ រងរបួសស្រាល០១នាក់ (មិនពាក់មួកសុវត្ថិភាព) ខូចខាតម៉ូតូ០២គ្រឿង (ស្រាល០១គ្រឿង) រថយន្ត០១គ្រឿង (ខូចខាតស្រាល) បង្គោលស្លាកសញ្ញាថ្មើរជើង០១ បង្គោលសូឡា០១ និងដង់ទង់ជាតិមុខសាលារៀន០១ ។

តាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ គ្រោះថ្នាក់ខាងលើនេះគឺបណ្តាលមកពីរថយន្តធ្វើដំណើរពីទិសខាងជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលមកដល់កន្លែងកើតហេតុមុខសាលារៀនបានបុកពីក្រោយម៉ូតូស៊េរី២០១៧ កំពុងឈប់ដើម្បីឲ្យសិស្សចេញពីរៀនក្នុងទិសដៅស្រប រួចរថយន្តវេរចង្កូតឆ្លងទៅទ្រូងផ្លូវខាងកើត ក៏ជ្រុលទៅបុកម៉ូតូស៊េរី២០១២ មួយគ្រឿងទៀត ដែលបើកបរចេញពីសាលារៀនទិសដៅពីកើតទៅលិចលើចិញ្ចើមផ្លូវខាងកើត ហើយបន្តបុកបង្គោលស្លាកសញ្ញាថ្មើរជើងឆ្លងកាត់០១ដើម បង្គោលសូឡា០១ដើម និងដងទង់ជាតិនៅមុខសាលារៀន០១ដើម ចំណែករថយន្តបានចតនៅកន្លែងកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញស្រុកបានរៀបចំសំណុំរឿងប្រគល់ជូនការិយាល័យជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕

មតិយោបល់