ព័ត៌មានជាតិ

Update៖ យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្រោយរថយន្តបែនដឹកដីមិនស្គាល់ម៉ាកបុកម៉ូតូពីក្រោយ ខណៈកំពុងជិះម៉ូតូឌុបគ្នា លើផ្លូវជាតិលេខ៤

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យយុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួស ដោយសារតែរថយន្តបែនដឹកដីមិនស្គាល់ម៉ាក ១គ្រឿង បើកបរក្នុងល្បឿនលឿនហើយបានជ្រុលទៅបុកម៉ូតូ ១គ្រឿងពេញទំហឹង ខណៈកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលស្លាប់ឈ្មោះ ហួត សុខជា អាយុ ១៨ឆ្នាំ ចំណែកអ្នករងរបួសឈ្មោះ នី រដ្ឋា អាយុ ១៩ឆ្នាំ ហើយពួកគេទាំង ២នាក់ ស្នាក់នៅក្នុងសង្កាត់ព្រៃស ខណ្ឌង្កោ ។ នៅមុនពេលកើតហេតុឈ្មោះ នី រដ្ឋា បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-8834 ឌុបជនរងគ្រោះឈ្មោះ ហួត សុខជា ចេញពីកន្លែងស្នាក់នៅឯសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងបំណងទៅកាន់ថ្នល់ទទឹងក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះពួកគេបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលទៅដល់ត្រង់ចំណុចកើតហេតុ មានរថយន្តបែនដឹកដីពុំស្គាល់ម៉ាក១គ្រឿងបើកក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង
បណ្ដាលឲ្យដួល។ ភ្លាមៗនោះយុវជន ហួត សុខជា បានស្លាប់នៅនឹងកន្លែងឯយុវជន នី រដ្ឋា ដែលជាអ្នកឌុបបានរងរបួស ហើយរថយន្តបែនដឹកដីនោះបានបើករត់គេចបាត់តែម្ដង។

ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវរករថយន្តបង្ក ប៉ុន្តែពុំដឹងថាអាចរកឃើញឬមិនឃើញនោះឡើយ បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារសាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់