ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូឡើងវ៉ាជែង បណ្តាលឲ្យប៉ះដួលចូលក្រោមរថយន្តកិនស្លាប់ នៅនឹងកន្លែងកើតហេតុ

កំពង់ឆ្នាំង: នៅវេលាម៉ោង០៣ និង០៨នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកបរម៉ូតូឡើងវ៉ាជែង បណ្តាលឲ្យប៉ះដួលចូលក្រោមរថយន្តកិនស្លាប់ នៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៥ នៅគីឡូម៉ែត្រលេខ ៧៨-៧៩ ត្រង់ចំណុចផ្លូវចូលវត្តត្រពាំងទឹកត្រជាក់ ស្ថិតក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្វាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 10-3714 បើកបរដោយបុរសម្នាក់ឈ្មោះ ឌឹម ស៊ីណា ភេទប្រុស រស់នៅខេត្តពោធិ៍សាត់ ធ្វើដំណើរទិសដៅពីត្បូងទៅ​ទិសខាងជើង ។ បន្ទាប់មកម៉ូតូបានបើកឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងស្លាកលេខ និងអ្នកបើកបរ ដល់ត្រង់ចំណុចកើតហេតុ បានប៉ះជាមួយនឹងរថយន្តមួយគ្រឿងទៀត ពណ៌បៃតង ក្នុងដំណើរបញ្ច្រាសទិសដៅគ្នា ស្រាប់តែម៉ូតូបានដួលចូលក្រោមរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ប-មានជ័យ 3A-0539 ដែលមានស៊ឺមីសណ្តោងរ៉ឺម៉កលេខព្រះសីហនុ 4A-1340 ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យកិនស្លាប់អ្នកបើកបរម៉ូតូម្នាក់ នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកធ្វើការពិនិត្យ វាស់វែង និងធ្វើកំណត់ហេតុ ។ បន្ទាប់មកបានយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលកបន្តទៀត តាម​នីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់