ព័ត៌មានជាតិ

ឃាត់ខ្លួនជនប្រើសារធាតុញៀន២នាក់ ចេញពីផឹកស៊ីនៅក្លឹប ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ

ភំ្នពេញ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៤៥នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខផ្ទះលេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ ។

ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ អ៊ឹង សុវណ្ណខេមរា ហៅមាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់ថ្នាំញៀន) ។ ២-ឈ្មោះ សម្បត្ដិ បូរី ហៅបូរី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចាក់ជ្រូក ស ង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ (ប្រើប្រាស់ថ្នាំញៀន) ។

វត្ថុតាងចាប់យក៖ ១-ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IX 7353 លេខតួ+លេខម៉ាស៊ីន E-6033181 (របស់ជនសង្ស័យ) ។ ២-ទូរស័ព្ទ០១គ្រឿងម៉ាក Iphone 12 pro Max ពណ៌ខៀវ លេខស៊ីម ០៨៨ ៥០៧៧៧៨៨ (របស់ជនរងគ្រោះ) ។ ចំពោះទូរស័ព្ទដៃខាងលើ ជារបស់ជនរងគ្រោះ ដែលសមត្ថកិច្ចចាប់យកពីជនសង្ស័យ បានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជា លីឃាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២០៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មុខរបរមេការសំណង់ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៤និង៥០នាទី ជនសង្ស័យខាងលើ រួមនឹងបក្ខពួក ចេញពីផឹកស៊ីនៅក្លឹបម្ដុំផ្លូវ២០០៤ ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IX 7353 ពេលជិះម៉ូតូមកដល់ចំណុចមុខផ្ទះលេខ៤៦H ផ្លូវលេខ៣២៨ ក្រុមទី២៣ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ក៏ឃើញជនរងគ្រោះ កំពុងជិះម៉ូតូដៃខាងឆ្វេងកាន់ទូរស័ព្ទ០១គ្រឿងម៉ាកខាងលើ ពេលនោះពួកក្រុមជនសង្ស័យ បានបើកម៉ូតូអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យអង្គុយខាងក្រោយ ធ្វើសកម្មភាពលូកដៃស្ដាំឆក់ទូរស័ព្ទ ពីដៃជនរងគ្រោះបានសម្រេច ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកចោរៗ ស្របពេលសមត្ថកិច្ចល្បាត ធ្វើការអន្ដរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនឹងវត្ថុតាងនាំកាន់ទីស្នាក់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីសាកសួរតែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង កង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់