បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង ១០នាទី មានករណីមនុស្សលង់ទឹកស្រះស្លាប់ ០១លើក នៅចំណុចក្រុមទី០៦ ភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ ។
ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ អៀម ហុន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរធ្វើស្រែ ដែត្រូវជាយាយបង្កើតបំភ្លឺថា ជនរងគ្រោះ ឈ្មោះ យឿយ លីណា (ហៅ យ៉ាង) ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ នៅថ្ងៃកើតហេតុ ខ្លួនបានអង្គុយមើលចៅម្នាក់ទៀត នៅតូបលក់ដូរខាងមុខផ្ទះចំងាយ ០៦ម៉ែត្រ ដោយទុកអោយចៅប្រុសឈ្មោះ យឿយ លីណា នៅអង្គុយលេងលើអង្រឹងក្រោមផ្ទះម្នាក់ឯង រយៈពេលប្រហែល១០នាទី ខ្លួនបានមើលពីក្នុងតូបទៅមិនឃើញចៅ នៅក្នុងអង្រឹងក៏ដើរទៅមើលមិនឃើញ ហើយប្រាប់មីងបង្កើតរបស់ចៅប្រុស ខ្ញុំអោយជួយដើររក (ម្តាយបង្កើតរបស់ចៅ ទៅរកស៊ីនៅប្រទេសថៃ ទុកអោយខ្លួនជាជីដូនមើលថែ) ខ្លួននាំគ្នាដើររកនៅម្តុំស្រះទឹកខាងក្រោយផ្ទះ ក៏ឃើញទ្រនាប់ជើង ចៅនៅក្បែរស្រះទឹក ហើយមានស្នាមដានជើងរអិលនៅមាត់ស្រះ ក៏ចុះរាវទើបឃើញចៅលង់ទឹកស្លាប់នាំគ្នាស្រង់យកមកផ្ទះ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយ លោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើ ជនគ្រោះឈ្មោះ យឿយ លីណា ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់