ព័ត៌មានជាតិ

Update: កុមារីអាយុជាង២ឆ្នាំម្នាក់ស្លាប់ ចំណែកម្តាយមីងរបួសធ្ងន់ បន្ទាប់ពីរថយន្តបុកម៉ូតូពីក្រោយ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបុរសម្នាក់ បើករថយន្តបែនដឹកដីធុនធំ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្ដាលឲ្យក្មេងស្រីអាយុជាង២ខួបម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្តាយមីងម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩ និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ម៉េង ហ៊ង អាយុជាង២ខួប មានស្រុកកំណើត នៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកម្តាយមីង រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ទឹកប្រាក់ លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GG 2475 បើកបរដោយនារីម្នាក់ និងរួមដំណើរដោយក្មេងស្រី អាយុជាងពីរខួបម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីធុនធំ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3B – 9746 បើកបរដោយ បុរសម្នាក់ ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹង ដួលបោកទៅនឹងថ្នល់ និងអូសប្រហែល៥ម៉ែត្រ បណ្ដាលឲ្យក្មេងស្រីអាយុជាង២ឆ្នាំម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្តាយមីង ដែលជាអ្នកឌុបរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជំនាញចរាចរណ៍ខណ្ឌសែនសុខ បានមកដល់រួចរាយការណ៍បន្ត ទៅសមត្ថកិច្ច ជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ រួមទាំងតៃកុងរថយន្ត ទៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំចាត់ការបន្តតាមនីតិវិធី ចំណែកសពជនរងគ្រោះ ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់