ព័ត៌មានជាតិ

Update៖ ស្រ្តីមេម៉ាយម្នាក់មកលេងបងប្អូន ស្រាប់តែខ្យល់គស្លាប់ បន្សល់ទុកកូនប្រុសម្នាក់ឲ្យនៅកំព្រា

ភ្នំពេញៈ ស្ត្រីមេម៉ាយម្នាក់ ខណៈដែលឡើងមកពីស្រុកកំណើត មកលេងបងប្អូន ស្រាប់តែខ្យល់គ បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិត បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៣និង៤៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រី សុខណាង ភេទស្រី អាយុ៣៦ឆ្នាំ មានកូនប្រុសម្នាក់ ក្នុងបន្ទុក រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទើបតែមកលេងផ្ទះបងប្រុសបង្កើត ស្នាក់នៅក្បែរកន្លែងកើតហេតុ ។

តាមព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទើបតែ មកលេងផ្ទះបងប្រុស ក្នុងគោលបំណងបបួលគ្នា ទៅហូបអី ដោយជនរងគ្រោះជិះម៉ូតូ ម៉ាកនិច ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-2904 ខណ:ដែលជិះដល់កន្លែងកើតហេតុ ក៏ឈប់ម៉ូតូតេទូរស័ព្ទ ស្រាប់តែដួលសង្ស័យខ្យល់គ បណ្តាលឲ្យស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ រួចរាយការណ៍ទៅជំនាញ កោសល្យវិច័យ ធ្វើការពិនិត្យ មុននឹងប្រគល់សព ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់