បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋ១ខ្នង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។
បន្ទាប់ពីហេតុការណ៍នេះ កើតឡើងភ្លាមៗ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាផ្ទាល់ទៅលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទនាំយករថយន្តទឹក សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចុះជួយពន្លត់គោលដៅកើតហេតុ និងរលត់ទាំងស្រុងនៅវេលាម៉ោង១២និង៣០នាទី ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អគ្គិភ័យកើតឡើង ដោយសារឆ្លងចរន្តអគ្គិសនី ។ ផ្ទះដែលឆេះមានម្ចាស់ឈ្មោះ ជា ឡា ភេទស្រី ឣាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ៕
មតិយោបល់