ព័ត៌មានជាតិ

បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ពេល​លាង​របួស​ឃើញ​មាន​ គ្រឿន​ញៀន​ជាប់​ខ្លួន​ ៧​កញ្ចប់​

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​លូ​ដាក់​ក្បែរផ្លូវ​ ជា​សញ្ញា​បន្ថយល្បឿន​ បណ្តាលឲ្យ​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ពេល​គ្រូពេទ្យ​លាងរ​បួង​ ស្រាប់តែ​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​នឹង​ខ្លួន​ចំនួន​ ៧​កញ្ចប់​ ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​វេលា​ម៉ោង​ ៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​ផ្លូវ​ចូល​វត្ត​ហេម​វន្ត​បឹង​ត្រកួន​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២៥៦៣​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សំរោង​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ជន​រង​គ្រោះ​ឈ្មោះ​ គៀត​ ប៊ុត​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ (​មិនមែន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​)​ បាន​មក​ស្នាក់​នៅ​ភូមិ​ត្រពាំង​សំរោង​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បើក​ម៉ូតូ​ម៉ាក​ឃ្លិ​ច​ ពណ៌​ស​ស៊េរី​ឆ្នាំ​២០១១​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ចង្កូត​បុក​លូ​ដាក់​លើ​ផ្លូវ​ដែល​មាន​សញ្ញា​បន្ថយល្បឿន​ បណ្ដាល​ឲ្យ​របួស​បែក​មុខ​ខាងឆ្វេង​ និង​ម៉ូតូ​ត្រូវ​ខូច​មួយ​កំណាត់​មុខ​។​
បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​រមៀត​ ដឹក​យក​ទៅ​មណ្ឌល​សុខភាព​បឹង​ត្រកួន​ ក្រោយមក​គ្រូពេទ្យ​បាន​ដោះ​អាវ​ពិនិត្យ​លើ​ខ្លួន​ជន​រង​គ្រោះ​ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​គ្រាប់​ ដែល​មាន​អក្សរ​ WY​ ចំនួន​០៧​កញ្ចប់​ស្មើនឹង​៦៦​គ្រាប់​ និង​ម្ស៉ៅ​ក្រាម​ស​ថ្លា​០១​កញ្ចប់​ ដែល​ដាក់​ក្នុង​កាបូប​ពណ៌​ខ្មៅ​ ។​

​ក្រោយ​ពី​សួ​ចម្លើយ​រួច​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២១​ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ និង​វត្ថុ​តាង​ ទៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ​ អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់