ព័ត៌មានជាតិ

ផឹកស៊ីស្រវឹងរៀងខ្លួនឌឺដងដាក់គ្នា កាប់បីកាំបិតបណ្តាលឲ្យស្លាប់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ក្រោយផឹកស៊ីទាស់ពាក្យសម្តីឌឺដងគ្នា ករណីនេះកើតឡើងនៅចំណុច មុខវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ។

ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសមួយក្រុមនាំគ្នាផឹកស៊ី នៅចំណុចមុខវត្តទួលរគាំង លុះផឹកស៊ីស្រវឹងរៀងខ្លួន ក៏បញ្ចេញចរិតឌឺដងគ្នា ដោយភាគីខាងជនរងគ្រោះ បាននិយាយបង្អាប់ទៅលើជនសង្ស័យថា បានប្រពន្ធយូរហើយមិនមានកូនអីហ្នឹងគេ ពិតជាអត់កំណើត ពេលនោះជនសង្ស័យបានខឹង ហើយក៏ទាស់ពាក្យសំដីគ្នា រហូតមានការប្រវ៉ាយប្រតប់គ្នា ប៉ុន្តែបានអ្នកផឹកស៊ីជាមួយគ្នា បានបំបែកគ្នាចេញ ។

បន្ទាប់មកជនសង្ស័យ ក៏ជិះម៉ូតូទៅផ្ទះយកកាំបិត ហើយជិះម៉ូតូតាមពីក្រោយជនរងគ្រោះ ដែលជិះឌុបគ្នាពីរនាក់បងប្អូន លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បានកាក់ម៉ូតូជនរងគ្រោះអោយឈប់ ជនរងគ្រោះក៏ចុះពីលើម៉ូតូ ត្រូវជនសង្ស័យ កាប់ពីក្រោយចំនួនបីកាំបិតត្រូវចំក ពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពរួចជនបង្កហេតុ បានរត់គេចខ្លួនបាត់ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ញ៉ុម អាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំពោះជនរងគ្រោះមានឈ្មោះ វ៉ាំង សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅកន្លែងកើហេតុ ។

បច្ចុប្បន្នសាកសព ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រៀបចំសំណុំរឿង ចំពោះជនបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក ឃាត់ខ្លួន ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ៕

មតិយោបល់