សៀមរាបៈ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមទំព័រហ្វេប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ខ្ញុំសោកស្តាយណាស់..ខ្ញុំស្រក់ទឹកភ្នែក..ពេលឃើញឧក្រិដ្ឋជន កាប់បំផ្លាញដើមឈើដ៏កម្រ(គ្រញូង)នេះ..!” ដោយលោកអភិបាលរងខេត្តភ្ជាប់ជាមួយនូវរូបថតចំនួន៤សន្លឹក ដែលរូបលោកបានដាំដើមឈើ និងរូបដើមឈើគ្រញូងដែលត្រូវបានជនកាប់បំផ្លាញនៅតំបន់អង្គរធំនៃខេត្តសៀមរាប។
គួរបញ្ជាក់ថា ឈើគ្រញូងមួយដើមទំហំមុខកាត់ជិត១ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ នៅភាគខាងលិចនៃតំបន់អង្គរធំ ត្រង់ភូមិសាស្ត្រប្រាសាទជ្រុង ត្រូវមនុស្សមួយក្រុមដែលបើករថយន្ត ស្លាកលេខរដ្ឋ នាំគ្នាយករណារយន្តទៅអារផ្ដួលរំលំ កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពពីអ្នកភូមិនគរក្រៅ ដែលរស់នៅក្បែរនោះ ឲ្យដឹងថា ឈើគ្រញូងមួយដើមនេះមានអាយុកាលជាង២០០ឆ្នាំ ដែលបច្ចុប្បន្ន ក៏ជាទីសក្ការបូជា របស់ប្រជាពលរដ្ឋ នៅពេលគេត្រូវការសែនព្រេន ឬក៏បន់ស្រន់អារុក្ខអារក្សអ្នកតាផងដែរ។
បច្ចុប្បន្ន ប្រជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កំពុងតែចោទប្រកាន់ទៅលើមន្ត្រីអភិរក្សព្រៃឈើមួយក្រុមរបស់អាជ្ញាធរអប្សរាថា ជាអ្នកដៃដល់ដែលបានយកម៉ាស៊ីន អារឈើ២គ្រឿង ទៅអារផ្ដួលរំលំឈើគ្រញូងមួយដើមធំនៅក្នុងតំបន់អង្គរធំនោះ៕
មតិយោបល់