ព័ត៌មានជាតិ

តៃកុងងងុយដេក បើករថយន្តរេចង្កូតទៅបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់

តាកែវ: នៅថ្ងៃអាទិត្យ ០៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទីព្រឹក ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ក្នុងភូមិត្រពាំងឈើទាល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA.8539 បើកបរដោយឈ្មោះ វលក្ខ័ណ ដានៀល ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៦D ផ្លូវចម្ការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងលិច លុះមកដល់ចំណុចខាងលើ បានងោកហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងតែម្តង ដែលម៉ូតូនោះម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1P.4155 បើកបរដោយឈ្មោះ ហយ ចាបចៀន ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ) មានពាក់មួកសុវត្ថិភាព មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ឆើត ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិអូរស្លែង ឃុំភ្នំដំរី ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) មានពាក់មួកសុវត្ថិភាពដែលបើកបរមកពីទិសខាងកើត សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបររថយន្តងងុយដេក។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងទាំងពីរគ្រឿងខាងលើខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់