ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទី នៅចំណុចមុខវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន មានករណី
ហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់ស្លាប់ មូលហេតុមកពីផឹកស៊ីទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យបានរត់គេចខ្លួនក្រោយធ្វើសកម្មភាព ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ក្រោយទទួលព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ពីការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការតាមឃាត់ខ្លួនជនសង្ស័យករណីខាងលើ នៅវេលាម៉ោង២០និង០៦នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ញ៉ុម អាន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាម ឃាត់ខ្លួនបានហើយ ។
លោកអធិការបន្តថា ដើម្បីអនុវត្តនីតិវិធីច្បាប់ និងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស លោកបានដឹកនាំកម្លាំងនៃអធិការដ្ឋាន ចុះទៅទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលខេត្តសៀមរាប ដើម្បីនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន នឹងបានបន្តរុករកវត្ថុតាង គឺកាំបិតដែលជនសង្ស័យប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ហើយបានយកទៅបោះចោល ក្នុងស្រះទឹក នៅភូមិឧកញ៉ាមាន់ ឃុំអូរតាប៉ោង យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់ ៕
មតិយោបល់