ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម

តាកែវៈ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទី មានករណីប៉ុនប៉ងឃាតកម្មកើតឡើងនៅភូមុសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ
បង្កឡើងដោយជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា c125 ពណ៌ខ្មី សេរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ កំពង់ចាម 1A-4483 បានធ្វើសកម្មភាពប្រដាប់ដាវកាប់ទៅលើជនរងគ្រោះឈ្មោះ គ្រី វុត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានបញ្ជូនទៅសង្រ្កោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ពាក់ព័ន្ធ ចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដើម្បីធ្វើការសាកសួរ។ ក្រោយទទួលបានចម្លើយសារភាពនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វ៉ាង ចន្ទ្រា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ព្រមទាំងដកហូតម៉ូតូមួយគ្រឿង ដែលជិះធ្វើសកម្មភាព និងដាវមួយដើម។

តាមការសាកសួរឲ្យដឹងថា មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើខាងលើគឺដោយសារគំនុំចាស់ (ជនរងគ្រោះធ្លាប់វាយមិត្តភ័ក្ររបស់ខ្លួន)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់