ព័ត៌មានជាតិ

គ្រឿងញៀនជិត៣៥០គីឡូត្រូវសមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជានិងចិនសហការស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជួញដូរឆ្លងដែនឃាត់ខ្លួនជនសង្ស័យ៩នាក់និងរឹបអូសនៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង៥៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ,លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ,លោកវរសេនីយ៍ទោហុងសុវណ្ណារិទ្ធនាយការិយាល័យ(ក១)ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេសសមត្ថកិច្ចគយកំពង់ផែព្រះសីហនុនិងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្របសម្រួលដោយលោកស៊ិតវណ្ណៈព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការស្រាវជ្រាវបង្ក្រាប។

ករណីនេះផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន។សមត្ថកិច្ចកម្ពុជាទទួលបានព័ត៌មានជំនាញហើយបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែទើបឈានទៅបង្ក្រាបព្រមគ្នានេះសមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រឹដ្ឋជនពាក់ព័ន្ធនៅឯប្រទេសចិនផងដែរ។

កិច្ចប្រតិបត្តិការនៅ២គោលដៅផ្សេងគ្នា(នៅចំណុចវីឡាភ្លោះលេខ២១ផ្លូវលេខR03ស្តាផ្លាទីនឹមបុរីប៉េងហូតបឹងស្នោសង្កាត់និរោធខណ្ឌច្បារអំពៅនិងនៅចំណុចភោជនីយដ្ឋានអីយិនម៉ាថូវសង្កាត់បឹងព្រលឹតខណ្ឌ៧មករារាជធានីភ្នំពេញសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៩នាក់៖១-ឈ្មោះHUANGRUIMINGភេទប្រុសកើតឆ្នាំ១៩៦៣(មេក្លោង)។២-ឈ្មោះLIYINANភេទប្រុស,៣-ឈ្មោះSUNLIANGភេទប្រុស,៤-ឈ្មោះSUNHAITAOភេទប្រុស,៥-ឈ្មោះLIUWEICHENGភេទប្រុស,៦-ឈ្មោះCHENZHIQUANភេទប្រុស,៧-ឈ្មោះWANGLEIភេទប្រុស៨-ឈ្មោះWANGYUEភេទប្រុសនិង៩-ឈ្មោះZHUXIAOFEIភេទប្រុស។

ចាប់យកវត្ថុតាង៖គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់៣៤៧គីឡូក្រាម៤២៧,៩៩ក្រាម(លាក់ក្នុងបំពង់ដែក៣៦៧ដើមនិង៦១កញ្ចប់ធំ)ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿងនិងសម្ភារៈវេចខ្ចប់មួយចំនួន។

ចាប់យកទ្រព្យសម្បត្តិ១/រថយន្ត១គ្រឿងម៉ាកTOYOTAALPHARDពាក់ស្លាក់លេខភ្នំពេញ2BE-2973២/ម៉ូតូមួយគ្រឿងម៉ាកHONDAPCXពណ៌ខ្មៅស្លាកលេខភ្នំពេញ1FE-5946៣/ទូរស័ព្ទដៃចំនួន១០គ្រឿង៤/ប្រាក់៣០០ដុល្លារអាមេរិក។

សូមបញ្ជាក់ថាក្រុមឧក្រឹដ្ឋជនបានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជាហើយលួចច្រកគ្រឿងញៀនបំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់