ព័ត៌មានជាតិ

សង្ស័យឆ្លងចរន្តទើបឆាបឆេះខ្សែភ្លើង លើដំបូលផ្ទះជាងជួសជុលម៉ូតូ និងបោកអ៊ុតផ្អើលទាំងព្រឹក

ភ្នំពេញៈ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីមួយបានកើតឡើង បណ្ដាលឲ្យឆាបឆេះខ្សែភ្លើងនៅលើដំបូលផ្ទះជួសជុលម៉ូតូ និងបោកអ៊ុត ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រថយន្តពន្លត់អគ្គិភ័យ ២គ្រឿងចេញទៅបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះ ខណៈដែលម្ចាស់ផ្ទះទាំង២ កំពុងស្ថិតនៅក្នុងផ្ទះ សង្ស័យតែឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការឆាបឆេះខ្សែភ្លើងនៅលើដំបូលផ្ទះ។ ពេលនោះម្ចាស់ផ្ទះមានការភ័យស្លន់ស្លោរខ្លាំងណាស់ ព្រោះតែនៅក្នុងផ្ទះរបស់គាត់
សុទ្ធតែប្រេងម៉ាស៊ីន និងគ្រឿងបន្លាស់ម៉ូតូ ព្រមទាំងខោអាវនិងសម្ភារៈផ្សេងទៀត ដែលងាយនិងឆាបឆេះ ។

ប្រភពដដែលបានបន្តថា ពេលនោះអ្នកជិតខាង ក៏សម្ដែងការព្រួយបារម្ភដែរ ព្រោះតែផ្ទះពួកគាត់ស្ថិតនៅជាប់ផ្ទះកើតហេតុនោះដែរ ជាពិសេសម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈមួយដែលស្ថិតនៅរំលងតែផ្ទះ២ទៅ៣ប៉ុណ្ណោះ។ បន្ទាប់មកបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ដែរ ប៉ុន្តែពុំរលត់ឡើយ ម្យ៉ាងទៀតកន្លែងឆេះស្ថិតនៅលើដំបូលផ្ទះទីខ្ពស់ពុំអាចបាញ់ដល់។ ក្រោយមករាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចសុំឲ្យយករថយន្តពន្លត់អគ្គិភ័យទៅពន្លត់ទើបរលត់ទៅវិញ៕

មតិយោបល់