ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១២និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-ក្រចេះ) ចំណុចបង្គោលគីឡូម៉ែត្រលេខ ២៨២-២៨៣ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើករបរដោយឈ្មោះ សាត ឡាង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេង ហើយត្រូវរថយន្តម៉ាក ធុនដ្រា ពណ៌ត្រាវ ពាក់ផ្លាកលេខ ភ្នំពេញ 2AA-0193 បុកពេញទំហឹង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់) ធ្វើដំណើរពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ។ មូលហេតុ៖ បត់គ្រោះថ្នាក់។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានបើកគេចចេញពីកន្លែងកើតហេតុយករថយន្តទៅប្លុងចោល នៅចំណុចភូមិរវៀងជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
បច្ចុប្បន្នសមត្ថកិច្ចតាមស្រាវជ្រាវ បានរកឃើញរថយន្តវិញ ។ វត្ថុតាង៖ រថយន្តខូចខាតស្រាល០១គ្រឿង និងម៉ូតូខូចខាតធ្ងន់០១គ្រឿង បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ៕
មតិយោបល់