ព័ត៌មានជាតិ

លោក មូន ចែអ៉ីន សន្យាប្រើឱកាសចុងក្រោយនៃអាណត្តិរបស់លោក ស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានសន្យាថានឹងប្រើប្រាសឱកាសចុងក្រោយនៃអាណត្តិរបស់លោកនៅសល់ប៉ុន្មានខែទៀតនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង។

ការសន្យាខាងលើធ្វើឡើងនៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលត្រូវជាលើកចុងក្រោយរបស់លោក មូន ចែអ៉ីន មុននឹងអាណត្តិជាប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល ៥ឆ្នាំរបស់លោក ត្រូវបញ្ចប់នៅខែឧសភា ឆ្នាំ២០២២នេះ និងបន្ទាប់ពីនៅក្នុងសុន្ទរកថាឆ្នាំថ្មីកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានលើកឡើងពីការអំពាវនាវរបស់លោក មូន ចែអ៉ីន ក្នុងការស្វែងរកសន្តិភាពបិទបញ្ចប់សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) ទាំងស្រុង ឬក៏ចេតនាចង់ចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរជាថ្មីជាមួយសហរដ្ឋអាមេរិកនោះទេ។

ជាលក្ខណៈបច្ចេកទេស កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅតែបន្តស្ថិតនៅក្នុងស្ថានភាពសង្រ្គាមដដែល ដ្បិតសង្រ្គាមកូរ៉េបានបិទបញ្ចប់ទៅនៅក្រោម «បទឈប់បាញ់» មួយតែប៉ុណ្ណោះ ពោលគឺមិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ។

បើតាមលោក មូន រដ្ឋាភិបាលរបស់លោកនឹងបន្តរក្សាទំនាកទំនងអន្តរកូរ៉េជាប្រក្រតី និងមិនកែប្រែឡើយនូវជំហានឆ្ពោះទៅរកសន្តិភាព រហូតដល់ទីបញ្ចប់ ហើយ ក៏សង្ឃឹមដែរថាកិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចសន្ទនា នឹងនៅតែបន្តនៅក្រោមរដ្ឋបាលថ្មី៕

ប្រភព៖​​​​​​ Yonhap

មតិយោបល់