ព័ត៌មានជាតិ

គ្មានប្រាក់មើលជំងឺម្ដាយឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ធ្វើសកម្មភាពកាច់កម៉ូតូក្នុងវត្ត ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្តាលៈ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៧ និង១០ នាទីមានករណីជនសង្ស័យពីរនាក់ ធ្វើសកម្មភាព កាច់សោកម៉ូតូ ត្រូវប្រជាពលរដ្ឋឃើញចាប់បានប្រគល់ឲ្យកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ត្រង់ចំណុចបរិវេណវត្តប្ញស្សីស្រុក ស្ថិតនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លឹង លន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យមានគ្នា០២នាក់៖ ១-ឈ្មោះ ហែម រតនា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិប្រាំ ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃាត់ខ្លួន) ។ ២-ឈ្មោះ ព្រឿង ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មិនស្គាល់ទីលំនៅ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ ១-ដែកកែច្នៃសម្រាប់កាចកម៉ូតូ (ចំនួន០២) ។ ២-សោមាត់លេខ៨ចំនួន០១ ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក់ HONDA DREAM ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខ កណ្ដាល 1AH.8882 យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តឫស្សីស្រុក ដោយទុកម៉ូតូនៅក្បែរសាលាឆាន់ រួចចាក់សោក បន្ទាប់មកយកចង្ហាន់ឡើងទៅប្រគេនព្រះសង្ឃ ដែលគង់នៅខាងលើសាលាឆាន់ ភ្លាមនោះក៏មានជនស្ស័យម្នាក់ភេទប្រុស បានដើរចុះឡើងៗ ក្បែរម៉ូតូរបស់ជនរងគ្រោះ រួចឡើងជិះលើម៉ូតូ ធ្វើសកម្មភាពកាច់កម៉ូតូ ភ្លាមនោះក៏មានប្រជាពលរដ្ឋស្រែកឆោឡោថាចោរៗ និងនាំគ្នាព័ទ្ធចាប់បាន និង រាយការណ៍អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើយកមកសួរនាំនៅប៉ុស្តិ៍ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ហែម រតនា ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ ជាមួយឈ្មោះ ព្រឿង ភេទប្រុស មកធ្វើសកម្មភាពលួចកាច់កម៉ូតូគេនៅក្នុងវត្តឫស្សីស្រុក ស្ថិតក្នុងភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បានឆ្លើយសារភាពទៀតថា ឈ្មោះ ព្រឿង ភេទប្រុសជាអ្នកអូសទាញ និងបង្ហាត់អោយចេះវិធីកាច់កម៉ូតូ រួមទាំងអោយសម្ភារៈកាច់កម៉ូតូមកខ្លួនថែមទៀត ។ (ដោយសារខ្លួនគ្មានប្រាក់មើលជំងឺម្ដាយឈឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ) ។

ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់